ព័ត៌មានអន្តរជាតិ

ទីក្រុងតូក្យូ៖ មីស៊ីលផ្លោង ICBM ថ្មីរបស់កូរ៉េខាងជើង គឺអាចបាញ់ដល់ទឹកដីអាមេរិក

AFP

បរទេស៖ មីស៊ីលផ្លោងអន្តរទ្វីប (ICBM) ចុងក្រោយបង្អស់របស់កូរ៉េខាងជើង អាចបាញ់ទៅដល់ឆ្នេរសមុទ្រអាមេរិក, នេះបើយោងតាមប្រធានគណៈរដ្ឋមន្ត្រីជប៉ុន លោក Yoshimasa Hayashi ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីក្រុងព្យុងយ៉ាងបានបាញ់សាកល្បង កាំជ្រួចមីស៊ីលកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ដោយពណ៌នាអំពីការផ្លាស់ប្តូរនេះថា ជាការព្រមានដល់សត្រូវក្នុងតំបន់របស់ខ្លួន។ ខណៈពេលដែលមន្ត្រីកូរ៉េខាងជើង មិនបានបញ្ជាក់ពីប្រភេទ ICBM ឬផ្តល់ព័ត៌មានលម្អិតបច្ចេកទេសណាមួយ មន្ត្រីនៅក្នុងប្រទេសកូរ៉េខាងត្បូង និងជប៉ុន បានប៉ាន់ស្មានពេលវេលា ហោះហើររបស់មីស៊ីលនៅ ៨៧ នាទី ដោយកាំជ្រួចនេះឈានដល់រយៈកម្ពស់ដល់ទៅ ៧.០០០ គីឡូម៉ែត្រ ខណៈកំពុងធ្វើដំណើរក្នុងរយៈចម្ងាយ ១.០០០ គីឡូម៉ែត្រ។

នៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីរសៀលថ្ងៃព្រហស្បតិ៍ លោក Hayashi បានកត់សម្គាល់ថា ប្រសិនបើបាញ់បង្ហោះផ្ដេក នោះគ្រាប់ផ្លោងអាច មានរយៈចម្ងាយឆ្ងាយជាងនេះ។

លោកបាននិយាយ និងត្រូវបានដកស្រង់ដោយសារព័ត៌មាន NHKថា “ផ្អែកលើព័ត៌មានដែលយើងទទួលបាន អំពីចម្ងាយហោះហើរ និងរយៈកម្ពស់នៃកាំជ្រួចមីស៊ីលផ្លោងប្រភេទ ICBM ដែលត្រូវបានបាញ់ដោយកូរ៉េខាងជើង វាត្រូវបានគេជឿជាក់ថា អាស្រ័យលើទម្ងន់នៃក្បាលគ្រាប់ រយៈចម្ងាយអាចលើសពី ១៥.០០០ គីឡូម៉ែត្រ” នេះមានន័យថា កាំជ្រួចនេះអាចហោះបានឆ្ងាយ ដល់ដីគោករបស់សហរដ្ឋអាមេរិក ខណៈចម្ងាយរវាងប្រទេស ទាំងពីរមានចម្ងាយប្រមាណ ៩ ៩០០ គីឡូម៉ែត្រ។

លោក Hayashi បានថ្កោលទោសការបាញ់បង្ហោះនេះថាជា “ទង្វើដ៏ឃោឃៅដែលបង្កើនភាពតាន តឹងទូទាំងសហគមន៍អន្តរជាតិ” ហើយបានអះអាងថា ខ្លួន “មិនអាចទទួលយកបានទាំងស្រុង” ។ លោកបានបន្ថែមថា ក្រុងតូក្យូបានដាក់កំណត់ត្រាតវ៉ាប្រឆាំងនឹង កូរ៉េខាងជើងតាមរយៈស្ថានទូត របស់ខ្លួនក្នុងប្រទេសចិន ៕

ប្រែសម្រួលៈ ណៃ តុលា

To Top