បរទេស៖ប្រទេសកូរ៉េខាងជើង និយាយថា ខ្លួនកំពុងតែធ្វើការងារឆ្ពោះទៅរកប្រព័ន្ធគ្រប់គ្រង ទឹកជំនន់រួមមួយ ដើម្បីការពារគ្រោះមហន្តរាយធម្មជាតិនាពេលអនាគត នេះបើតាមសេចក្តរាយការណ៍មួយ ដែលចេញផ្សាយ ដោយប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសកុម្មុយនិស្តឯកោ មួយនេះ។
ទីភ្នាក់ងារសារព័ត៌មានកណ្ដាលរបស់ ប្រទេសកូរ៉េខាងជើង KCNA នៅថ្ងៃពុធសប្ដាហ៍នេះ បានរាយការណ៍ថា វិទ្យាស្ថានស្រាវជ្រាវផែនដីនៃ បណ្ឌិតសភាវិទ្យាសាស្ត្ររបស់ទីក្រុងព្យុងយ៉ាង កំពុងតែធ្វើការងារ ឆ្ពោះទៅរកការស្រាវជ្រាវ ស្តីពីការទប់ស្កាត់គ្រោះមហន្តរាយ ធម្មជាតិ។
គួរបញ្ជាក់ថា គ្រោះទឹកជំនន់និងគ្រោះ មហន្តរាយធម្មជាតិដទៃទៀត បានវាយប្រហារប្រទេសកូរ៉េខាងជើង នៅក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ហើយក្នុងឆ្នាំ២០១៨ គ្រោះទឹកជំនន់ក្នុងប្រទេសនេះ បានសម្លាប់ មនុស្សតិចបំផុត៧៦នាក់ និងបំផ្លិចបំផ្លាញអគាររាប់រយ៕