តូក្យូ៖ អ្នកការទូតកំពូលរបស់ចិន លោក វ៉ាង យីនិងលោក Takeo Akiba ដែលជាប្រធានទីប្រឹក្សា សន្តិសុខជាតិ របស់ប្រទេសជប៉ុន បានជួបពិភាក្សា គ្នានៅទីក្រុងប៉េកាំង កាលពីថ្ងៃចន្ទ ហើយបានយល់ព្រមរក្សា ការសន្ទនាក្នុងកម្រិតផ្សេងៗ រួមទាំងរវាងមេដឹកនាំ និងរដ្ឋមន្ត្រីការបរទេស របស់ពួកគេផងដែរ។
កិច្ចប្រជុំរបស់ពួកគេ គឺមានបំណងដាក់មូលដ្ឋានគ្រឹះ សម្រាប់កិច្ចប្រជុំកំពូលលើកដំបូងរវាងនាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba ដែលបានចូលកាន់តំណែងកាលពីថ្ងៃទី០១ ខែតុលា និងប្រធានាធិបតីចិនលោក ស៊ី ជីនពីង នៅខាងក្រៅការជួបជុំអន្តរជាតិ ដែលនឹងធ្វើឡើងនៅអាមេរិក ខាងត្បូងនៅចុងខែនេះ។
បន្ទាប់ពីកិច្ចពិភាក្សាដែលមានរយៈពេល ៤ម៉ោងកន្លះ លោក Akiba បានឲ្យដឹងថា ភាគីទាំងពីរបានចែករំលែកទស្សនៈថា ពួកគេនឹងលើកកម្ពស់ “ទំនាក់ទំនងជាយុទ្ធសាស្ត្រ និងផលប្រយោជន៍ទៅវិញទៅមក ក៏ដូចជាទំនាក់ទំនងស្ថាបនា និងស្ថិរភាព” ។
លោក Ishiba ត្រូវបានគេរំពឹងថា នឹងចូលរួមកិច្ចប្រជុំកំពូលវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកានៅ ប្រទេសប៉េរូ និងក្រុមមេដឹកនាំទាំង ២០ ដែលជួបពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែវិច្ឆិកានៅប្រទេស ប្រេស៊ីល។
លោក វ៉ាង យី បានជំរុញឱ្យប្រទេសជប៉ុន ចាត់វិធានការជាក់ស្តែង ដើម្បីអនុវត្តការយល់ស្រប ដ៏សំខាន់មួយ ដែលថាប្រទេសជិតខាងអាស៊ីទាំងពីរជា “ដៃគូសហប្រតិបត្តិការ និងកុំបង្កការគំរាមកំហែងដល់គ្នាទៅវិញទៅមក ដើម្បីលើកកម្ពស់ការអភិវឌ្ឍ ប្រកបដោយស្ថិរភាព និងយូរអង្វែងនៃទំនាក់ទំនងទ្វេភាគី”៕
ប្រែសម្រួល ឈូក បូរ៉ា