ហ្គាហ្សា៖ ប្រភពប៉ាឡេស្ទីនបានឲ្យដឹងថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីនចំនួន ៤៤នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ តាមអាកាសពីររបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សាស្ទ្រីបភាគខាងជើង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
ប្រភពសន្តិសុខប៉ាឡេស្ទីនបានឲ្យដឹងថា យន្តហោះអ៊ីស្រាអែលមួយ គ្រឿងបានទម្លាក់គ្រាប់បែក និងបំផ្លាញផ្ទះលំនៅដ្ឋានមួយខ្នង ដែលផ្លាស់ទីលំនៅប្រជាជននៅក្នុងតំបន់ Jabalia ។ ប្រភពវេជ្ជសាស្ត្រប៉ាឡេស្ទីន បានប្រាប់កាសែតស៊ីនហួថា ជនជាតិប៉ាឡេស្ទីន ៣៦នាក់ រួមទាំងកុមារ ១៣នាក់ត្រូវបានសម្លាប់ និងរាប់សិបនាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហារតាមអាកាស។
នៅក្នុងការវាយប្រហារមួយផ្សេងទៀត លើទីក្រុងហ្គាហ្សា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានសម្លាប់លោក Wael al-Khor ប្រធានផ្នែកអភិវឌ្ឍន៍សង្គមនៅទីក្រុងហ្គាហ្សា និងសមាជិក ៧នាក់ផ្សេងទៀត នៃគ្រួសាររបស់លោករួមទាំងប្រពន្ធ និងកូនរបស់លោកផងដែរ នេះបើយោងតាមគ្រូពេទ្យប៉ាឡេស្ទីន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានឲ្យដឹងថា កងទ័ពរបស់ខ្លួនបន្តសកម្មភាព ប្រតិបត្តិការនៅក្នុងទីក្រុង Jabalia ហើយកាលពីមួយថ្ងៃមុន កងទ័ពរបស់ខ្លួនបានសម្លាប់ពួកសកម្មប្រយុទ្ធរាប់សិបនាក់ និងបានរុះរើទីតាំងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ក៏ដូចជាកន្លែងផ្ទុកអាវុធនៅក្នុងតំបន់ជាដើម។
ប្រភពពី IDF បានឲ្យដឹងថា កងទ័ពក៏បន្តសកម្មភាពប្រតិបត្តិការ នៅក្នុងទីប្រជុំជន Beit Lahia ភាគខាងជើងតំបន់ហ្គាហ្សា បានសម្លាប់ “ភេរវករ” រាប់សិបនាក់ក្នុងកិច្ចសហប្រតិបត្តិការ ជាមួយកងទ័ពអាកាស និងទីតាំងអាវុធ ក៏ដូចជាផ្លូវរូងក្រោមដីមួយនៅក្នុងតំបន់។
កាលពីថ្ងៃអាទិត្យផងដែរ កងពលតូច Al-Qassam ដែលជាស្លាបយោធានៃក្រុមហាម៉ាស់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមាជិករបស់ខ្លួនបានកំណត់គោលដៅ លើក្រុមទាហានអ៊ីស្រាអែលចំនួន ១៥ នាក់ ជាមួយនឹងគ្រាប់បែកប្រឆាំងមនុស្ស ហើយបានសម្លាប់ពួកគេពីចម្ងាយដោយអាវុធ និងគ្រាប់បែកដៃនៅភាគខាងលិចតំបន់ Al-Shimaa ភាគខាងជើងនៃទីប្រជុំជន Beit Lahia ៕
ប្រែសម្រួល ឈូក បូរ៉ា