ភ្នំពេញ៖ លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុកឆ្នាំនេះ ការប្រមូលសំរាម ធ្វេីបានល្អ ដោយសារក្រុមការងារ ធ្វើសកម្មភាពព្រមៗគ្នា ខណៈក្រុមហ៊ុនប្រមូលសំរាមទាំង៣ ក៏បានធ្វើសកម្មភាពព្រមៗគ្នានៅតាមតំបន់របស់ខ្លួន ដោយគ្រប់គ្រងបានយ៉ាងល្អ។
នេះជាការបញ្ជាក់របស់លោក ហួត ហៃ ក្នុងសន្និសិទ្ធកាសែតនៅខាងមុខវេទិការបុណ្យអុំទូក មុខព្រះបរមរាជវាំង នាព្រឹកថ្ងៃទី១៦វិច្ឆិកា ឆ្នាំនេះ។
លោកអភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា “សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុកឆ្នាំនេះ សំរាមយើងប្រមូលបានល្អមែនទែន។ ការងារល្អបែបនេះ គឺដោយសារឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រជុំដាក់ផែនការ យ៉ាងច្បាស់លាស់ ជាមួយនិងការត្រៀមលក្ខណៈទុកជាមុន ទាំងមធ្យោបាយ ទាំងកម្មករ ទាំងអ្នកទទួលខុសត្រូវ”។
ក្នុងនោះលោកអភិបាលរង បានគូសបញ្ជាក់ថា ជាក់ស្តែងសំរាប់រយៈពេល២ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូកនេះ បងប្អូនក្រុមការងារទាំងអស់ បានធ្វើសកម្មភាពព្រមៗគ្នា ក្នុងនោះក្រុមហ៊ុនប្រមូលសំរាមទាំង៣ ក៏បានធ្វើសកម្មភាពព្រមៗគ្នានៅតាមតំបន់របស់គាត់ គ្រប់គ្រងបានយ៉ាងល្អផងដែរ។ បន្ថែមពីនេះ មន្ត្រីនៃមន្ទីរពាក់ព័ន្ធ ក៏បានបំពេញការងារបាន យ៉ាងល្អព្រមៗគ្នាផងដែរ ដោយចុះអប់រំណែនាំប្រជាពលរដ្ឋ ឱ្យទុកដាក់សំរាម ហើយក្រុមហ៊ុន ក៏បានប្រមូលសំរាមយ៉ាងល្អ។
លោក ហួត ហៃ មានប្រសាសន៍ថា “យើងធ្វើបានល្អមែនទែន ពោលគឺត្រឹមម៉ោង៥ទៅម៉ោង៦ទៀបភ្លឺ យើងប្រមូលនិងសំអាតសំរាមបានស្អាត គឺភ្នំពេញយើងស្អាតដូចថ្ងៃធម្មតា ហាក់ដូចមិនមានពិធី ដែលមានមនុស្សជាង២លាននាក់ចូលរួមអញ្ចឹង”។
គួរឱ្យដឹងថា ក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ មានកម្មករប្រមាណ១៥០០នាក់ រថយន្តបានត្រៀមជាង១០០គ្រឿង ពង្រាយធុងសំរាមថ្មី១៣០០ធុង។ មានមធ្យោបាយគ្រប់បែបយ៉ាងមានទាំងរថយន្តដឹកសំរាម រថយន្តបាញ់លាង មានម៉ូតូកង់បីចល័ត ដើម្បីប្រមូលធុងសំរាមចេញពេលដែលពេញនិងមានម៉ូតូកង់បីប្រមូលសំរាមផងដែរ។
តាមការបញ្ជាក់របស់លោក ហួត ហៃ សំរាមចំនួន៣៨០០តោន ត្រូ វបានដឹកទៅកាន់ទីលានដាក់សំរាម បន្ទាប់ពីព្រះរាជពិធីបុណ្យអុំទូក ២ថ្ងៃមកនេះ ។
ជាមួយគ្នានេះ លោកអភិបាលរង អះអាងថា បញ្ហាសំរាមឆ្នាំនេះរៀបចំគ្រប់គ្រងបានល្អ តាមរយៈការពង្រាយធុងសំរាមជាង១០០០ធុង ខណៈប្រជាពលរដ្ឋបានចូលរួមទុកដាក់សំរាមបានល្អ បង្កលក្ខណៈងាយស្រួល ក្នុងការប្រមូល។
ឆ្លៀតក្នុងឱកាសនោះលោក ហួត ហៃ ក៏បានអំពាវឱ្យបងប្អូនប្រជាពលរដ្ឋ ដែលមកចូលរួមដើរលេងកំសាន្តនៅថ្ងៃទី៣នៃព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ សូមទុកដាក់សំរាមក្នុងធុងឱ្យបានល្អ បើធុងសំរាមពេញសូមដាក់ក្នុងថង់ធំដែលបានចែកជូន និងសូមចូលរួមជាមួយអាជ្ញាធរ ដើម្បីឱ្យទីក្រុងស្អាត បរិស្ថានល្អ៕