សេអ៊ូល៖ នៅថ្ងៃសុក្រនេះ តុលាការរបស់ប្រទេសកូរ៉េខាងត្បូងបានកាត់ទោស មេដឹកនាំគណបក្សប្រឆាំងដ៏សំខាន់លោក Lee Jae-myung ពីបទរំលោភច្បាប់បោះឆ្នោត ដោយបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល១ឆ្នាំ និងព្យួរទោសរយៈពេល ២ឆ្នាំ។
លោក Lee បានថ្លែងឲ្យដឹងក្រោយសវនាការថា លោកនឹងប្តឹងឧទ្ធរណ៍ចំពោះការសម្រេចរបស់តុលាការ ។
លោកបានលើកឡើងថា “ខ្ញុំនឹងប្តឹងទៅឧទ្ធរណ៍ ។ ដោយផ្តើមពីអង្គហេតុជាមូលដ្ឋាន វាជាការសន្និដ្ឋានដែលពិបាកនឹងទទួលយក” ។
ប្រសិនបើការកាត់ទោសដាក់ពន្ធនាគារ ឬពិន័យជាប្រាក់១លានវ៉ុន ស្មើនឹង៧១០ដុល្លារសហរដ្ឋអាមេរិក ឬច្រើនជាងនេះ និងជាចុងក្រោយ លោក Lee នឹងត្រូវដកហូតកៅអីពីសភា និងសិទ្ធិឈរឈ្មោះក្នុងការបោះឆ្នោតណាមួយក្នុងរយៈពេល៥ឆ្នាំខាងមុខ ។
នៅគ្រាដែលលោក Lee មកដល់តុលាការក្រុងសេអ៊ូល អ្នកគាំទ្ររបស់គាត់បានស្រែកហៅឈ្មោះ របស់គាត់នៅពេលគាត់ចូលដល់តុលាការ ខណៈក្រុមអ្នកតវ៉ាមួយក្រុមក៏បានប្រមូលផ្តុំគ្នានៅជិតតុលាការផងដែរ ។
លោក Lee ប្រធានគណបក្សប្រជាធិបតេយ្យ ដែលជាបក្សប្រឆាំងដ៏ធំ ដែលបានចាញ់លោកប្រធានាធិបតី Yoon Suk Yeol ក្នុងការបោះឆ្នោតឆ្នាំ២០២២ ប្រឈមមុខនឹងការកាត់ក្តីយ៉ាងហោចណាស់៤ដង បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មជាច្រើន រួមទាំងការស៊ីសំណូក និងអំពើពុករលួយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា