ព័ត៌មានជាតិ

ទេសរដ្ឋមន្ដ្រី លី ធុជ ៖ ការចូលរួមកិច្ចប្រជុំកំពូលសៀមរាប-អង្គរ របស់វៀតណាម គឺជាកាយវិការដ៏សំខាន់មួយ ក្នុងកិច្ចខិតខំប្រឹងប្រែង ជាសកលឆ្ពោះទៅ រកពិភពលោកមួយគ្មានមីន

ភ្នំពេញ ៖ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកទេសរដ្ឋមន្ដ្រីលី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា២០២៤ បានជួបប្រជុំពិភាក្សាការងារជាមួយ លោកវរសេនីយ៍ឯក Le Quang Hop អគ្គនាយករងអចិន្ត្រៃយ៍ នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនវៀតណាម (VNMAC) ដែលកិច្ចប្រជុំនេះ មានការចូលរួមពីលោក Juan Carlos Ruan ប្រធានអង្គភាពគាំទ្រការអនុវត្តអនុសញ្ញាអូតាវ៉ា។

ក្នុងជំនួបនោះ លោកទេសរដ្ឋមន្រ្តី លី ធុជ តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានថ្លែងអំណរគុណ និងទទួលស្គាល់ចំពោះការគាំទ្ររបស់វៀតណាម មកលើកម្ពុជា ក្នុងការរួមចំណែកការកសាងសន្តិភាព និងអភិវឌ្ឍន៍ប្រទេសជាតិ ក្នុងរយៈពេលប៉ុន្មានឆ្នាំ កន្លងមកនេះ ព្រមទាំងបានថ្លែងអំណរគុណវៀតណាម ចំពោះការបញ្ជូនគណៈប្រតិភូ​ មកចូលរួមកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ដែលនឹងប្រព្រឹត្តិទៅនៅប្រទេសកម្ពុជា នាប៉ុន្មានថ្ងៃខាងមុខនេះ។

លោកទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ទៀតថា ការចូលរួមកិច្ចប្រជុំកំពូលសៀមរាប-អង្គររបស់ប្រទេសវៀតណាមនាពេលខាងមុខ គឺជាកាយវិការដ៏សំខាន់មួយនៅក្នុងការសហការ និងការខិតខំប្រឹងប្រែងជាសកលឆ្ពោះទៅរកពិភពលោកមួយដែលគ្មានមីន។

ជាមួយគ្នានោះ លោកទេសរដ្ឋមន្រ្តី បានកោតសរសើរវៀតណាម ចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការបោសសម្អាតមីន ដែលស្របតាមគោលការណ៍ នៃអនុសញ្ញាហាមប្រាម ការប្រើប្រាស់មីនប្រឆាំងមនុស្ស។ លោកប្រធានអនុសញ្ញាអូតាវ៉ា បានអះអាងថា ការចូលជាសមាជិករបស់វៀតណាមក្នុងអនុសញ្ញាអូតាវ៉ានេះ នឹងផ្ញើសារដ៏រឹងមាំ ទៅកាន់ពិភពលោក និងជំរុញប្រជាជាតិដទៃទៀតចូលរួមអនុសញ្ញានេះ និងរួបរួមកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់ទុក្ខលំបាក និងជនរងគ្រោះដោយសារមីនប្រឆាំងមនុស្ស ។

ក្នុងឱកាសនោះ លោកប្រធានអនុសញ្ញា អូតាវ៉ា បានស្នើឱ្យប្រទេសវៀតណាម គាំទ្រអនុសញ្ញានេះ ដោយបោះឆ្នោតគាំទ្រ សេចក្តីសម្រេច របស់អង្គការសហប្រជាជាតិ ស្តីពីការអនុវត្តអនុសញ្ញាហាមប្រាម ការប្រើប្រាស់មីនប្រឆាំងមនុស្ស និងដើរតួនាទីយ៉ាងសកម្ម ក្នុងការចែករំលែកបទពិសោធន៍ក្នុងវិស័យសកម្មភាពមីន។

លោកវរសេនីយ៍ឯក Le Quang Hop បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងនាមជាប្រធានអនុសញ្ញា និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ព្រមទាំងបញ្ជាក់នឹងរាយការណ៍អំពីសំណើរបស់កម្ពុជាទៅកាន់រដ្ឋាភិបាលរបស់ខ្លួន ដើម្បីពិចារណាចូលរួមជារដ្ឋភាគីនៃអនុសញ្ញា។

ទន្ទឹមនឹងនោះ វៀតណាម រីករាយក្នុងការចែករំលែកបទពិសោធន៍របស់ខ្លួនទៅកាន់ពិភពលោក ហើយបញ្ជាក់ជាថ្មីថា ទោះបីជាវៀតណាមមិនមែនជារដ្ឋភាគីនៃអនុសញ្ញាក៏ដោយ ក៏វៀតណាមប្រកាន់ខ្ជាប់នូវគោលការណ៍នៃអនុសញ្ញានេះ ដែរ៕

To Top