ភ្នំពេញ ៖ លោក មាន ចាន់យ៉ាដា អភិបាលខេត្ត និងជាគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារលម្អិត ជាមួយក្រុមការងារបច្ចេកទេស និងទីស្នាក់ការកណ្ដាលកាក បាទក្រហមកម្ពុជា ដើម្បីរៀបចំកម្មវិធីជំរំ យុវជនកាកបាទក្រហមកម្ពុជា ថ្នាក់ជាតិនិងអន្តរជាតិឆ្នាំ២០២៤ ឱ្យប្រព្រឹត្តទៅដោយរលូន និងបានល្អប្រសើរបំផុត។
ក្រោមគំនិតផ្ដួចផ្ដើម ដ៏ខ្ពង់ខ្ពស់ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា យុវជនជាតិ និងអន្តរជាតិប្រមាណជាង ៣០០នាក់ នឹងអញ្ជើញចូលរួម កម្មវិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ថ្នាក់ជាតិ និងអន្តរជាតិ ឆ្នាំ២០២៤ ក្រោមប្រធានបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីភាពធន់សហគមន៍ក្នុងសន្ដិភាព» “Together Volunteering for Community Resilience in Peace” ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ។
ជាមួយគ្នានេះ យុវជនទាំងអស់នឹងត្រូវបែងចែកជា០៣ក្រុម ដើម្បីស្វែងយល់អំពីការរស់ នៅក្នុងសហគមន៍ផ្សេងៗគ្នាដូចជា សហគមន៍អ្នកតម្បាញក្រមាក្នុងស្រុកបន្ទាយអំពិល សហគមន៍អតីតយុទ្ធជន ក្នុងស្រុកចុងកាល់ និងសហគមន៍តំបន់បញ្ចប់សង្គ្រាម ស៊ីវិលនៅក្នុងស្រុកអន្លង់វែង៕