ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ នៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI) នៅសណ្ឋាគារRaffleខេត្តសៀមរាប។
គណបក្សប្រជាជនកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ នៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (Centrist Democrat International) នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅខេត្តសៀមរាប ដែលមានការចូលរួមពីសមាជិកប្រតិភូ ប្រមាណ ៨៧ រូប មកពី ២៦ គណបក្ស និង ២៤ ប្រទេស ជុំវិញពិភពលោក ក្នុងនោះមានឥស្សរជននយោបាយជាន់ខ្ពស់ជាច្រើន ។
គណៈកម្មាធិការប្រតិបត្តិ CDI នឹងអនុម័តលើសេចក្តីប្រកាសក្រុងសៀមរាប រួមទាំងសេចក្តី សម្រេចចិត្តនានា ដែលស្នើដោយគណបក្សជាសមាជិក និងអនុម័តលើការបញ្ចូលសមាជិកជាគណបក្ស នយោបាយចំនួន ៤។
ជាមួយគ្នានេះ គណបក្សប្រជាជនកម្ពុជា ដោយសហការជាមួយ វេទិកាយុវជន CDI ក៏នឹងរៀបចំវេទិកាពិសេសស្តីពី «តួនាទីយុវជនក្នុងសន្តិភាព កិច្ចសន្ទនា សហត្ថិភាព និងការឆ្លើយតបបញ្ហាប្រឈម» និងកិច្ចពិភាក្សាស្តីពី «ធម្មនុញ្ញសន្តិភាព៖ ដើម្បីមនុស្សជាតិនិងភពផែនដី»។
សូមបញ្ជាក់ថា បច្ចុប្បន្ន អង្គការ CDI មានសមាជិកជាង ១០៩ គណបក្ស មកពី៨៣ ប្រទេស ដែលមានមនោគមវិជ្ជានយោបាយនិយមកណ្តាល មកពីទ្វីបអឺរ៉ុប អាម៉េរិកឡាទីន អាម៉េរិកខាងជើង អាហ្វ្រិក និងអាស៊ីប៉ាស៊ីហ្វិក។ គណបក្សប្រជាជនកម្ពុជាបានចូលជា សមាជិកពេញសិទ្ធិរបស់ CDI កាលពីខែមេសា ឆ្នាំ២០១៦ ហើយត្រូវបានបោះឆ្នោតជាអនុប្រធាន អង្គការ CDI ទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិក ចាប់ពីខែកក្កដា ឆ្នាំ២០១៨ ចំនួន ៣ អាណត្តិមកហើយ ៕