ហ្គាហ្សា៖ កងការពារជនស៊ីវិលប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា បានឲ្យដឹងថា យ៉ាងហោចណាស់ ជនជាតិប៉ាឡេស្ទីន ៥០នាក់ ត្រូវបានសម្លាប់ រួមទាំងស្ត្រី និងកុមារ និងជាច្រើននាក់ទៀត បានរងរបួសកាលពីថ្ងៃចន្ទ ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល នៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប។
ក្រសួងការពារជនស៊ីវិលបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល បានកំណត់គោលដៅលំនៅដ្ឋាន និងជម្រកសម្រាប់ជនភៀសខ្លួននៅ Beit Lahia និង Jabalia នៅភាគខាងជើងហ្គាហ្សា ក៏ដូចជាទៅលើជំរុំជនភៀសខ្លួន Nuseirat នៅកណ្តាលតំបន់ហ្គាហ្សា និងទីក្រុងខាន់យូនីស និងទីក្រុងរ៉ាហ្វា នៅភាគខាងត្បូងតំបន់ហ្គាហ្សា។
ប្រភពបានឲ្យដឹងថា ការងាររបស់ខ្លួននៅតែត្រូវផ្អាកនៅទូទាំងតំបន់ហ្គាហ្សាភាគខាងជើង ដោយសារតែ “បន្តការកំណត់គោលដៅ និងការឈ្លានពានរបស់អ៊ីស្រាអែល” ដែលបានធ្វើឱ្យពលរដ្ឋរាប់ពាន់នាក់ មិនមានការឆ្លើយតបផ្នែកមនុស្សធម៌ ការថែទាំវេជ្ជសាស្រ្ត និងការសង្គ្រោះ។ ទន្ទឹមនឹងនេះ លោក Raed Al-Namas មន្ត្រីប្រព័ន្ធផ្សព្វផ្សាយនៃសង្គមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន បានប្រាប់អ្នកសារព័ត៌មាននៅហ្គាហ្សាថា ប្រព័ន្ធសុខាភិបាលនៅភាគខាងជើងកាន់តែយ៉ាប់យ៉ឺនដោយសារតែកង្វះខាតការផ្គត់ផ្គង់ និងបុគ្គលិកពេទ្យ។
លោក Al-Namas បានលើកឡើងថា សេវាកម្មដែលផ្តល់ គឺយ៉ាងហោចណាស់សម្រាប់អ្នករបួស ១២,០០០ នាក់ ត្រូវការការព្យាបាលនៅខាងក្រៅតំបន់។ អ៊ីស្រាអែលបាននិងកំពុងបើកការវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីសងសឹកប្រឆាំងនឹង ការវាយលុករបស់ក្រុមហាម៉ាស់ ឆ្លងកាត់ព្រំដែនភាគខាងត្បូង អ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ក្នុងអំឡុងពេលដែលមនុស្សប្រហែល ១,២០០ នាក់បានស្លាប់ និងប្រហែល ២៥០ នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង៕
ប្រែសម្រួល ឈូក បូរ៉ា