ព័ត៌មានជាតិ

អេ​ស្ប៉ា​ញ លើកឡើងពីកង្វល់មួយចំនួន ក្នុងកិច្ចការងារទាក់ទាញ និងជំរុញវិនិយោគ ដែលទាមទារឱ្យកម្ពុជា ជួយសម្របសម្រួលដោះស្រាយ

ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី១៩ វិច្ឆិកា លោក Felipe De La Morena Casado ឯកអគ្គរាជទូតអេ​ស្ប៉ា​ញ ប្រចាំកម្ពុជា បានលើកឡើង អំពីកង្វល់មួយចំនួន ក្នុងកិច្ចការងារ ទាក់ទាញ និងជំរុញវិនិយោគ ដែលទាមទារឱ្យកម្ពុជា ពិនិត្យនិងសម្របសម្រួល ដោះស្រាយ ឱ្យបានកាន់តែល្អប្រសើរ ។

ក្នុងជំនួបនាឱកាសនោះដែរ លោកទូតអេ​ស្ប៉ា​ញ បានថ្លែងអំណរគុណជូនចំពោះ លោកឧបនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យរូបលោកផ្ទាល់ និងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ក្នុងនោះដែរ លោកឯកអគ្គរាជទូត ក៏បានបញ្ជាក់ អំពីការតាំងចិត្ត ក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី រួមទាំងកិច្ចការងារ វិនិយោគរវាងកម្ពុជា និង​អេ​ស្ប៉ា​ញផងដែរ ។

បន្ថែមពីនេះ លោកទូត ក៏បានលើកឡើង អំពីកង្វល់មួយចំនួន ក្នុងកិច្ចការងារទាក់ទាញ និងជំរុញវិនិយោគ ដែលទាមទារ ឱ្យកម្ពុជា ពិនិត្យនិងសម្របសម្រួលដោះស្រាយ ឱ្យបានកាន់តែល្អប្រសើរផងដែរ។

ឆ្លៀតក្នុងឱកាសនេះ លោកទូតអេស្ប៉ាញ ក៏បានស្នើសុំទៅកាន់ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា ក្នុងការពិនិត្យលទ្ធភាព សម្របសម្រួល រៀបចំវេទិការធុរកិច្ចក្នុងប្រទេសកម្ពុជា ដើម្បីបញ្ជ្រាបព័ត៌មានវិនិយោគ និងវិស័យលើកទឹកចិត្តនានា ជូនដល់ធុរជនអេ​ស្ប៉ា​ញបន្ថែមទៀត។

ជាការឆ្លើយតប ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជម្រាបជូន អំពីលទ្ធផលយ៉ាងល្អប្រសើរ និងប្រកបដោយផ្លែផ្កា ដែលទទួលបាន ពីបេសកកម្មគោះទ្វារវិនិយោគ នៅប្រទេសអេ​ស្ប៉ា​ញ ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសហការរៀបចំ ជាមួយបណ្ដាក្រសួងស្ថាប័ន និងគ្រប់ភាគីពាក់ព័ន្ធ កាលពីខែមិថុនា ឆ្នាំ២០២៤ កន្លងទៅនេះ។

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ការគាំទ្រ យ៉ាងពេញទំហឹង ចំពោះក្រុមហ៊ុនអេស្ប៉ាញ ដែលគ្រោងនឹងបណ្ដាក់ទុន​ វិនិយោគនៅកម្ពុជា នាឱកាសខាងមុខផងដែរ ៕

To Top