ពោធិ៍សាត់ ÷ លោកខូយ រីដា អភិបាលខេត្ត និង លោកម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សា ខេត្ត នៅថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០២៤បានអញ្ជើញ ជាអធិបតីបើកវេទិកាថ្នាក់ខេត្ត ស្តីពីការអនុវត្តកំណែទម្រង់ វិមជ្ឈការនិងវិសហមជ្ឈការដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា សម្រាប់ឆ្នាំ ២០៥០ក្លាយជាប្រទេសមានចំណូលខ្ពស់។
វេទិកានេះនឹងត្រូវធ្វើឡើងរយះពេល ២ ថ្ងៃ(២០-២១)ខែ វិច្ឆិកា ឆ្នាំ ២០២៤ នៅសាលប្រជុំ នៃរដ្ឋបាលខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីលោក លោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត,លោក លោកស្រីជាអភិបាលរងខេត្ត,សភាពាណិជ្ជកម្មខេត្ត,អនុប្រធាននាយកដ្ឋានមុខងារនិងធនធាននៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ, ប្រធានការិយាល័យប្រជាពលរដ្ឋ,មន្ទីរ ស្ថាប័ននានាក្នុងខេត្ត,តំណាងរដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់,អង្គការសង្គមសុីវិល,សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន និង អ្នកពាក់ព័ន្ធជាច្រើនរូបទៀត ផងដែរ ។
គោលបំណងនៃការរៀបចំវេទិកា រវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ គឺដើម្បីពិគ្រោះពិភាក្សារវាងរាជរដ្ឋាភិបាល ជាមួយនឹងរដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីរួមគ្នាវាយតម្លៃអំពីវឌ្ឍនភាព បញ្ហាប្រឈម កំណត់ដំណោះស្រាយ និងការដាក់ចេញនូវការតម្រង់ទិស ផ្នែកគោលនយោបាយ សម្រាប់សម្រួចការ អនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមកសាងមូលដ្ឋាន គ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាសម្រាប់ឆ្នាំ ២០៥០ ៕