ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាត របស់ក្រសួងរ៉ែ និងថាមពល

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងរ៉ែ និងថាមពល។

សន្និបាតបូកសរុបលទ្ធផលការងារក្រសួងរ៉ែ និងថាមពល ឆ្នាំ២០២៣-២០២៤ និងទិសដៅការងារឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី២០-២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយអង្គសន្និបាតបានធ្វើការវាយតម្លៃ និងពិភាក្សាលើការងារសំខាន់ៗ ដូចជា ៖ ការកាត់បន្ថយការិយាធិបតេយ្យ ដើម្បីសម្រួលដល់ការផ្តល់សេវា និងគាំទ្រវិស័យឯកជន និងវិភាគទានរបស់វិស័យរ៉ែ ជូនរដ្ឋក្នុងអាទិភាពនេះ ក្រសួងបានកាត់បន្ថយភាពសាំញ៉ាំ និងបង្កើតទីលានប្រកួតប្រជែងមួយ ដែលមានលក្ខណៈស្មើភាព ដោយយកច្បាប់ និងគោលការណ៍ជាគោល។

វិស័យរ៉ែបានធ្វើវិភាគទានជាចំណូល មិនមែនសារពើពន្ធកើនដល់ប្រមាណជិត ៩០លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២៤ ដែលត្រូវជាប្រមាណ ១៧០% ធៀបឆ្នាំ២០២៣ ឬប្រមាណ ១៥០% នៃផែនការក្នុងច្បាប់ថវិកាឆ្នាំ២០២៤។

តាមការប៉ាន់ស្មាន ចំណូលសារពើពន្ធនៃអាជីវកម្មរ៉ែមាស អាចបានប្រមាណជិត ៣១លានដុល្លារអាមេរិក សម្រាប់ ឆ្នាំ ២០២៤។ ដោយឡែក ចំណូលពីអាករលើការ នាំចេញផលិតផលគ្រប់ប្រភេទ បានប្រមាណ ៣១.៣ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣ និងអាចកើនដល់ប្រមាណ ៦១ លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២៤ តាមការព្យាករណ៍៕

To Top