បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មាន ចេញពីកាសែតThe Bloomberg បានឲ្យដឹងថា អឺរ៉ុបកំពុងស្ថិតនៅលើគែម នៃវិបត្តិថាមពលថ្មីមួយ ដោយសារតែការថយ ចុះយ៉ាងឆាប់រហ័ស នៃទុនបម្រុងឧស្ម័ន និងការកាត់បន្ថយការផ្គត់ផ្គង់ ដ៏មានសក្តានុពលពីប្រទេសរុស្ស៊ី គំរាមកំហែងដល់ស្ថានភាព ដ៏លំបាកមួយរួចទៅហើយ ។
ប្រភពដដែលនេះ បានវិភាគស្ថានភាព ក្នុងតំបន់បន្ទាប់ពីការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិកប្រឆាំងនឹង Gazprombankដែលជាធនាគារចម្បង របស់រុស្ស៊ីសម្រាប់ប្រតិបត្តិការ ទាក់ទងនឹងថាមពលនៅ ក្នុងអត្ថបទមួយកាលពីថ្ងៃសៅរ៍ ។
យោងតាមប្រភពព័ត៌មាន Bloombergដដែលបានឲ្យដឹងទៀតថា ទីផ្សារអ៊ឺរ៉ុបនៅតែងើបឡើងវិញ ពីវិបត្តិថាមពលធ្ងន់ធ្ងរ ដែលបានជួបប្រទះកាលពី២ឆ្នាំមុន ដោយជម្លោះអ៊ុយក្រែនបានរួមចំណែក ដល់ការឡើងថ្លៃ ៤៥ភាគរយនៃតម្លៃឧស្ម័ននៅឆ្នាំនេះ ។
ទោះបីជាតម្លៃបច្ចុប្បន្ននៅតែទាបជាង កំណត់ត្រាឆ្នាំ២០២២ក៏ដោយ ពួកគេត្រូវបានរាយការណ៍ថា ខ្ពស់គ្រប់គ្រាន់ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅ នូវវិបត្តិតម្លៃនៃការរស់នៅសម្រាប់គ្រួសារ និងបង្កើនសម្ពាធលើក្រុមហ៊ុនផលិតផងដែរ ។
នៅសប្តាហ៍នេះ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើ Gazprombank ដែលជាធនាគារចម្បង របស់រុស្ស៊ីសម្រាប់ប្រតិបត្តិការទាក់ទងនឹងថាមពល និងជាធនាគារធំចុងក្រោយ របស់ប្រទេសនេះបានតភ្ជាប់ ទៅប្រព័ន្ធផ្ញើសារអន្តរធនាគារ SWIFT ៕
ប្រែសម្រួល៖ស៊ុនលី