បរទេស ៖ ប៉ូលីសបាននិយាយ កាលពីថ្ងៃអាទិត្យថា វត្តពុទ្ធសាសនាមួយក្នុងប្រទេសថៃ កំពុងស្ថិតក្រោមការស៊ើបអង្កេត បន្ទាប់ពីអាជ្ញាធរ បានរកឃើញ សាកសពជាង ៤០សាកសព នៅលើទីតាំងដែលត្រូវបានគេអះអាងថា បានប្រើសម្រាប់ការអនុវត្តសមាធិ ។
យោងតាមសារព័ត៌មាន CBS News ចេញផ្សាយកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា មន្ត្រីប៉ូលិសជាន់ខ្ពស់ម្នាក់បានប្រាប់សារព័ត៌មាន AFP ថា សាកសពមនុស្សចំនួន ៤១ នាក់ត្រូវបានរកឃើញនៅវត្ត Pa Nakhon Chaibovorn ក្នុងខេត្ត Phichit របស់ប្រទេសថៃកាលពីថ្ងៃសៅរ៍។
លោកបានបន្តថា «សាកសពត្រូវបានភ្ជាប់ជាមួយលិខិតបញ្ជាក់មរណភាព និងការបរិច្ចាគសាកសព ។ លោកបន្ថែមថា រហូតមកដល់ពេលនេះមិនមានការចោទប្រកាន់ណាមួយទេ។ លោកថា ប៉ូលិសកំពុងទាក់ទងទៅសាច់ញាតិ នៃអ្នកស្លាប់ដើម្បីបញ្ជាក់ថា សាកសពត្រូវបានបរិច្ចាគដោយឆន្ទៈ ។
មន្ត្រីសុំមិនបញ្ចេញឈ្មោះបាននិយាយថា៖ «យើងកំពុងព្យាយាមធ្វើឱ្យប្រាកដថា គ្មានសាកសពណាមួយត្រូវបានគេលួចនោះទេ។
ការស្រាវជ្រាវនេះបានធ្វើ ឡើងប៉ុន្មានថ្ងៃបន្ទាប់ពីប៉ូលីសបានរកឃើញ សាកសពចំនួន ១២ នៅវត្តមួយផ្សេងទៀតក្នុងខេត្ត Kamphaeng Phet ដែលនៅជិតខាងកាលពីថ្ងៃពុធ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថៃ ។
ព្រះចៅអធិការខេត្ត Phichit ព្រះចៅអធិការ Saifon Phandito បានមានសង្ឃដីការប្រាប់ទូរទស្សន៍ Thai PBS របស់ថៃថា ការប្រើប្រាស់សាកសព គឺជាផ្នែកមួយនៃ “បច្ចេកទេសសមាធិ” ដែលព្រះអង្គបានបង្កើត៕
ប្រែសម្រួលៈ ណៃ តុលា