ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែល ប្រកាសថា យន្តហោះរបស់ខ្លួនវាយប្រហារ ទៅលើផ្លូវព្រំដែនស៊ីរី និងលីបង់

Xinhua

យេរ៉ូសាឡឹម៖ កងកម្លាំងការពារអ៊ីស្រាអ៊ែល ហៅកាត់ (IDF) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា យន្តហោះរបស់កងទ័ពអាកាសអ៊ីស្រាអ៊ែល បានធ្វើការវាយប្រហារផ្អែកលើការស៊ើបការណ៍លើ “ផ្លូវរត់ពន្ធ” របស់ស៊ីរីនៅតាមបណ្តោយព្រំដែនស៊ីរី និងលីបង់ ។

កងកម្លាំង IDF បានកត់សម្គាល់ថា ផ្លូវទាំងនេះត្រូវបានប្រើប្រាស់ សម្រាប់ធ្វើការរត់ពន្ធអាវុធ ទៅកាន់ក្រុមហេបូឡាហ៍ នៅក្នុងប្រទេសលីបង់ ។

សេចក្តីថ្លែងការណ៍បានដាក់ថា “នេះគឺជាជំហានមួយទៀតនៅក្នុង កិច្ចខិតខំប្រឹងប្រែងបន្តរបស់កងកម្លាំង IDF ក្នុងការធ្វើឱ្យខូចសមត្ថភាពនៃអង្គភាព4400 របស់ក្រុមហេសបូឡាហ៍ ដែលទទួលខុសត្រូវចំពោះការរត់ពន្ធអាវុធ ដែលប្រើក្នុងការវាយប្រហារភេរវកម្ម ប្រឆាំងនឹងជនស៊ីវិលអ៊ីស្រាអ៊ែល និងកងកម្លាំង IDF” ។

កាលពីព្រឹកថ្ងៃចន្ទ កងកម្លាំង IDF បានបញ្ជាក់ថា ខ្លួនបានវាយប្រហារមជ្ឈមណ្ឌល បញ្ជាការយោធានៃក្រុមប្រឹក្សាប្រតិបត្តិ របស់ក្រុមហេបូឡាហ៍ នៅជាយក្រុង Dahieh ស្ថិតនៅភាគខាងត្បូងនៃទីក្រុង បេរូត ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top