ព័ត៌មានអន្តរជាតិ

កិច្ចព្រមព្រៀង បទឈប់បាញ់រវាងអ៊ីស្រាអែល និងលីបង់ ចូលជាធរមាន ក្រោយជម្លោះបង្ហូរ ឈាមជាង ១ឆ្នាំ

Xinhua

បេរ៉ូត ៖ គណៈរដ្ឋមន្ត្រីអ៊ីស្រាអែល បានអនុម័តកិច្ចព្រមព្រៀងបទឈប់បាញ់ ជាមួយប្រទេសលីបង់ ដោយបើកផ្លូវ សម្រាប់ការបញ្ចប់ជម្លោះជិត ១៤ខែ ដែលជាប់ទាក់ទងនឹងផ្នែកមួយ ដែលកំពុងបន្តនៅក្នុង តំបន់ហ្គាហ្សាស្ទ្រីប ។

គណៈរដ្ឋមន្ត្រី​អ៊ីស្រាអែល ​បាន​អនុម័ត​កិច្ចព្រមព្រៀង​នេះ ​ដោយ​សំឡេង​១០-១ ។  បទ​ឈប់​បាញ់​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ពុធ វេលា​ម៉ោង​៤​ព្រឹក ម៉ោង​ក្នុង​តំបន់។  យោងតាមកិច្ចព្រមព្រៀងនេះ កងទ័ពលីបង់នឹងកាន់កាប់ទឹកដី របស់ខ្លួនក្នុងរយៈពេល ៦០ថ្ងៃខាងមុខ អ៊ីស្រាអែលនឹងដកខ្លួនចេញជាបណ្តើរៗ ហើយជនស៊ីវិល នឹងត្រឡប់ទៅផ្ទះវិញ នេះបើយោងតាមកិច្ចព្រមព្រៀង។

នៅក្នុងសុន្ទរកថា តាមទូរទស្សន៍មួយ មុនពេលនាំយកសេចក្តីព្រាងច្បាប់នេះ ទៅកាន់គណៈរដ្ឋមន្ត្រីរបស់លោក ដើម្បីបោះឆ្នោត នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា អ៊ីស្រាអែលបាន “កំណត់ឱ្យក្រុមហេសបូឡា ត្រឡប់មកវិញជាច្រើនទសវត្សរ៍” តាមរយៈសង្រ្គាម ហើយបានប្តេជ្ញាវាយប្រហារក្រុមប្រដាប់អាវុធលីបង់ ប្រសិនបើខ្លួនបំពានកិច្ចព្រមព្រៀងបទឈប់បាញ់។

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងសមភាគីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃអង្គារថា កិច្ចព្រមព្រៀងបទឈប់បាញ់ ដែលសម្របសម្រួល ដោយសហរដ្ឋអាមេរិក និងបារាំងនឹងផ្តល់នូវលក្ខខណ្ឌចាំបាច់ សម្រាប់ការវិលត្រឡប់ទៅរកភាពស្ងប់ស្ងាត់នៅក្នុងប្រទេសលីបង់ ហើយកិច្ចព្រមព្រៀង ត្រូវបានអនុវត្តយ៉ាងពេញលេញ។

នាយក​រដ្ឋមន្ត្រី​ចាំផ្ទះ​លីបង់ លោក Najib Mikati បាន​ឲ្យដឹងថា លោក​ស្វាគមន៍​កិច្ច​ព្រមព្រៀង​បទ​ឈប់​បាញ់​នេះ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែងការណ៍​ចេញ​ផ្សាយ​ដោយ​ទីស្តីការ​គណៈរដ្ឋមន្ត្រី គណៈរដ្ឋមន្ត្រី​លីបង់៕
ប្រែសម្រួល ឈូក បូរ៉ា

To Top