ម៉ូស្គូ៖ កាលពីថ្ងៃអង្គារ ក្រសួងការបរទេសរុស្ស៊ី បានហាមប្រាមពលរដ្ឋ អង់គ្លេសចំនួន៣០នាក់ មិនឱ្យចូលមកក្នុង ទឹកដីរបស់រុស្ស៊ី ដែល “ជាការឆ្លើយតបទៅនឹង សកម្មភាពអរិភាព របស់ភាគីអង់គ្លេស” ។
ក្រសួងខាងលើ បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា បញ្ជីដាក់ទណ្ឌកម្មរួមមានសមាជិក នៃការបង្កើតនយោបាយ របស់ចក្រភពអង់គ្លេស ប្លុកយោធា ក្រុមហ៊ុនបច្ចេកវិទ្យាកម្រិតខ្ពស់ ក៏ដូចជាបណ្តាញព័ត៌មានផងដែរ ។
ឧបនាយករដ្ឋមន្ត្រីអង់គ្លេស Angela Rayner អធិការបតីនៃ Exchequer Rachel Reeves រដ្ឋលេខាធិការក្រសួងមហាផ្ទៃ Yvette Cooper និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀតមានឋានៈខ្ពស់គឺស្ថិតនៅក្នុងបញ្ជីនេះ ។
ក្រសួងដដែលនេះបានឱ្យដឹងថា ប្រទេសរុស្ស៊ី នឹងបន្ថែមបញ្ជីឈ្មោះ សម្រាប់ធ្វើការដាក់ទណ្ឌកម្មបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងអរិភាព ដោយអាជ្ញាធរអង់គ្លេស ។
កាលពីព្រឹកថ្ងៃអង្គារនេះ ក្រសួងការបរទេសរុស្ស៊ី បានកោះហៅឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំនៅក្នុងប្រទេសរុស្ស៊ី ហើយបានធ្វើការតវ៉ាបន្ទាប់ពីបានបណ្តេញអ្នកការទូតអង់គ្លេសម្នាក់ ជុំវិញការចោទប្រកាន់ពីបទចារកម្មនោះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា