ព័ត៌មានជាតិ

ក្រសួងបរិស្ថាន បើកសិក្ខាសាលា ស្តីពីការលុបបំបាត់សារធាតុគីមីគ្រោះថ្នាក់ ក្នុងខ្សែរច្រវាក់ផលិតកម្ម នៃវិស័យវាយនភណ្ឌ

ភ្នំពេញ ៖ លោក សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន អញ្ជើញបើកសិក្ខាសាលាស្តីពីការ លុបបំបាត់ សារធាតុគីមីគ្រោះថ្នាក់នៅក្នុង ខ្សែច្រវាក់ផលិតកម្មនៃវិស័យវាយនភណ្ឌ និងសំណង់ ដែលរៀបចំឡើងដោយ ក្រសួងបរិស្ថាន សហការជាមួយ UNEP, UNDP, UNIDO, FAO និង GEF ដោយមានអ្នកចូលរួមចំនួន ៦០ រូប មកពីប្រទេសអនុវត្តគម្រោងចំនួន ៨ រួមមាន កម្ពុជា កូស្តារីកា អេក្ខាដ័រ ឥណ្ឌា ម៉ុងហ្កោលី ប់ាគីស្ថាន ប៉េរូ និងទ្រីណាដាតនិងតូបាហ្គោ តំណាងស្ថាប័នរដ្ឋ វិស័យឯកជន វិទ្យាស្ថានសិក្សាស្រាវជ្រាវ អង្គការអន្តរជាតិ និងអង្គការសង្គមសុីវិលនៅថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២៤។

មានប្រសាសន៍ ក្នុងឱកាសនោះលោក សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា ក្រោមការដឹកនាំរបស់ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដាក់ចេញនូវយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានមុំសំខាន់បី ភាពស្អាត ភាពបៃតង និងចិរភាព ជាត្រីវិស័យសម្រាប់ការពង្រឹងការការពារបរិស្ថាន និងការអភិរក្សជីវះចម្រុះអោយ កាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ហើយគម្រោងលុបបំបាត់សារធាតុគ្រោះថ្នាក់នៅក្នុងខ្សែច្រវាក់ផលិតកម្មវិស័យវាយនភណ្ឌ័ និងសំណង់នឹងជំរុញការបង្កើត ខ្សែច្រវាក់ផលិតកម្មមេត្រីភាពបរិស្ថាន និងប្រកបដោយចិរភាពសម្រាប់វិស័យវាយនភណ្ឌ័ និងសំណង់ តាមរយះកាត់បន្ថយការបំពុលបរិស្ថាន និងលើកម្ពស់ឧស្សាហកម្មបៃតង ដែលនឹងចូលរួមចំណែកយ៉ាងខ្លាំងនៅក្នុងការ អនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានជាពិសេស មុំទី១ ភាពស្អាត និងយុទ្ធសាស្រ្តរយៈពេលវែងរបស់កម្ពុជា សម្រាប់អព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៥០ ។

លោករដ្ឋលេខាធិការ ក៏បានបន្ថែមទៀតថា តាមរយៈការចូលរួមក្នុងការអនុវត្តគម្រោងនេះ មិនត្រឹមតែជួយពង្រឹងការការពារបរិស្ថាន និងសុខភាពសាធារណះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង ពង្រឹងការប្រកួតប្រជែងរបស់កម្ពុជា លើទីផ្សារអន្តរជាតិ ទាក់ទាញអ្នកវិនិយោគបរទេស និងបង្កើនឱកាសសេដ្ឋកិច្ចបន្ថែមទៀត សម្រាប់ការតៀមខ្លូនរបស់កម្ពុជា ក្នុងចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍ តិចតួចនៅក្នុងឆ្នាំ២០២៩ ។ គួរបញា្ជក់ថាសិក្ខាសាលានេះមានរយៈពេល ២ថ្ងៃ ចាប់តាំងថ្ងៃ០៩ ដល់១០ ខែធ្នូ ឆ្នាំ២០២៤៕

To Top