បាងកក ៖ លោកស្រី Paetongtarn Shinawatra នាយករដ្ឋមន្ត្រីថៃ បានថ្លែងថា គណៈរដ្ឋមន្ត្រីរបស់ប្រទេសថៃឡង់ដ៏ នៅថ្ងៃពុធនេះបានអនុម័តលើវិធានការគាំទ្របំណុល បូករួមទាំងការព្យួរការប្រាក់ និងកាត់បន្ថយការបង់ប្រាក់ដើម ដើម្បីជួយដោះបន្ទុកបំណុលគ្រួសារ ។
លោកស្រីបានប្រាប់ដល់សន្និសីទ សារព័ត៌មានមួយថា វិធានការនេះនឹងជួយអ្នកខ្ចីបុល លក់រាយ និងអាជីវកម្មខ្នាតតូច ។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Pichai Chunhavajira បានប្រាប់ដល់ អ្នកសារព័ត៌មានថា គណៈរដ្ឋមន្ត្រី ក៏បានយល់ព្រមអនុញ្ញាតឱ្យធនាគារ បង់វិភាគទានប្រចាំឆ្នាំ កាត់បន្ថយចំនួន០,២៣ភាគរយនៃប្រាក់បញ្ញើរបស់ពួកគេទៅកាន់មូលនិធិ អភិវឌ្ឍន៍ស្ថាប័នហិរញ្ញវត្ថុ ហៅកាត់ថា (FIDF) សម្រាប់រយៈពេល៣ឆ្នាំ។
រដ្ឋមន្ត្រីបានលើកឡើងថា ការកាត់បន្ថយវិភាគទានរបស់ FIDF នឹងជួយធនាគារគាំទ្រកូនបំណុល ។
នាពេលបច្ចុប្បន្ននេះ ធនាគារត្រូវបង់អត្រា វិភាគទានជាប្រចាំប្រចាំឆ្នាំចំនួន០,៤៦ភាគរយនៃប្រាក់បញ្ញើរបស់ពួកគេទៅកាន់ FIDF ដែលជាដៃគូសង្គ្រោះរបស់ធនាគារកណ្តាល ដែលផ្តល់ជំនួយហិរញ្ញវត្ថុដល់ស្ថាប័នដែលមានបញ្ហា ។
ធនាគារកណ្តាលថៃ នឹងធ្វើសន្និសីទ សង្ខេបស្តីពីវិធានការបន្ធូរបន្ថយ បំណុលនៅពេលក្រោយនៅថ្ងៃពុធនេះ ។
រដ្ឋាភិបាលបានឲ្យដឹងថា វិធានការនេះនឹងជួយអ្នកខ្ចីបុល ដែលមានបំណុលរហូតដល់១ឆ្នាំហួសកំណត់ ដោយគ្របដណ្តប់លើប្រាក់កម្ចីទិញផ្ទះរហូតដល់៥លានបាត ស្មើនឹង១៤៨.០៦០ដុល្លារអាមេរិក ប្រាក់កម្ចីរថយន្តមិនលើសពី៨០០.០០០បាត និងប្រាក់កម្ចី របស់ក្រុមហ៊ុនតូចៗរហូតដល់៥លាន ។
សេចក្តីថ្លែងការណ៍បានដាក់ថា រដ្ឋាភិបាលបាននិងកំពុងព្យាយាមបន្ធូរបន្ថយ បន្ទុកបំណុលរបស់គ្រួសារ ដែលខ្លួនបានមើលឃើញថា ជាឧបសគ្គលើការប្រើប្រាស់ និងកំណើនសេដ្ឋកិច្ច ៕
ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា