ព័ត៌មានអន្តរជាតិ

រុស្ស៊ី អះអាងថា អ៊ុយក្រែន បើកការវាយប្រហារ លើមូលដ្ឋានទ័ព អាកាសរបស់ខ្លួន ដោយប្រើមីស៊ីលអាមេរិក

AFP

ម៉ូស្គូៈ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា កងកម្លាំងអ៊ុយក្រែនកាលពីថ្ងៃពុធ បានបើកការវាយប្រហារ ដោយមីស៊ីលជាមួយនឹងអាវុធ ដែលមានភាពជាក់លាក់ខ្ពស់ របស់លោកខាងលិច នៅលើអាកាសយានដ្ឋានយោធា Taganrog ក្នុងតំបន់ Rostov របស់ប្រទេសរុស្ស៊ី ។

ក្រសួងបានកត់សម្គាល់ថា មីស៊ីលផ្លោង ATACMS ផលិតដោយសហរដ្ឋអាមេរិកចំនួន ៦ គ្រាប់ត្រូវបានប្រើប្រាស់ ដោយក្រសួងបានបន្ថែមថា ពីរគ្រាប់ត្រូវបានបាញ់ទម្លាក់ ហើយគ្រាប់ដែលនៅសល់ត្រូវ បានការពារដោយប្រព័ន្ធសង្គ្រាមអេឡិចត្រូនិករបស់រុស្ស៊ី។

ក្រសួងបានឲ្យដឹងទៀតថា បំណែកនៃគ្រាប់មីស៊ីល បានធ្លាក់បានបណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសក្នុងចំណោមបុគ្គលិករបស់ខ្លួន។ ប្រភពបានបន្ថែមថា “ការវាយប្រហារនេះ ដោយអាវុធរយៈចម្ងាយឆ្ងាយ របស់លោកខាងលិច នឹងមិនមានចម្លើយនោះទេ ហើយវិធានការសមស្របនឹងត្រូវធ្វើឡើង”។

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់ នៃគោលនយោបាយ ស្តីពីវិបត្តិអ៊ុយក្រែន សហរដ្ឋអាមេរិក កាលពីខែវិច្ឆិកា បានអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយរបស់សហរដ្ឋអាមេរិក ដើម្បីវាយប្រហារគោលដៅនានា នៅក្នុងទឹកដីរបស់រុស្ស៊ី ហើយភាគីរុស្ស៊ី បានហៅវាម្តងហើយម្តងទៀតថា ជាការកើនឡើងនៃភាពតានតឹងជុំវិញជម្លោះរបស់ខ្លួនជាមួយអ៊ុយក្រែន និងជម្លោះផ្ទាល់ជាមួយលោកខាងលិច ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top