ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ និងអេមីរ៉ាត អំពាវនាវ ឱ្យការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសស៊ីរី

AFP

តេអេរ៉ង់៖ ប្រទេសអ៊ីរ៉ង់ និងប្រទេសអេមីរ៉ាតអារ៉ាប់រួម បានគូសបញ្ជាក់ពីភាពចាំបាច់ ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ប្រទេសស៊ីរី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

នៅក្នុងការសន្ទនាតាមទូរស័ព្ទ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Seyed Abbas Araghchi និងសមភាគីអេមីរ៉ាត លោក Sheikh Abdullah bin Zayed Al Nahyan បានពិភាក្សាអំពីការវិវត្តន៍ចុងក្រោយបង្អស់នៅក្នុងប្រទេសស៊ីរី និងតំបន់អាស៊ីខាងលិចដ៏ទូលំទូលាយ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយក្រសួងការបរទេសអ៊ីរ៉ង់។

ភាគីទាំងពីរបានសង្កត់ធ្ងន់លើតម្រូវការ ដើម្បីធានាសន្តិសុខ និងស្ថិរភាពរបស់ប្រទេសស៊ីរី ដោយអំពាវនាវឱ្យបញ្ចប់ជាបន្ទាន់ ចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល និងប្រតិបត្តិការជើងគោកប្រឆាំងនឹងរដ្ឋអារ៉ាប់។

ពួកគេក៏បានផ្លាស់ប្តូរទស្សនៈអំពីសារៈសំខាន់នៃការការពារសន្តិភាព និងស្ថិរភាពក្នុងតំបន់ ដោយជំរុញឱ្យភាគីទាំងអស់ជៀសវាងសកម្មភាពបង្កហេតុ។

បន្ទាប់ពីការដួលរលំរបស់អតីតប្រធានាធិបតីស៊ីរីលោក បាសា អាល់អាសាដ កាលពីថ្ងៃអាទិត្យ អ៊ីស្រាអែល បានបង្កើនការវាយប្រហារតាមផ្លូវអាកាសយ៉ាងសំខាន់នៅទូទាំងប្រទេសស៊ីរី រួមជាមួយនឹងប្រតិបត្តិការជើងគោក ដែលផ្តោតលើហេដ្ឋារចនាសម្ព័ន្ធយោធាដ៏សំខាន់។  លើសពីនេះ យោធាអ៊ីស្រាអែល បានឆ្លងចូលទៅក្នុងតំបន់ការពារគ្មានយោធា ដែលត្រូវបានបង្កើតឡើងក្រោមកិច្ចព្រមព្រៀងឈប់បាញ់ឆ្នាំ១៩៧៤ ជាមួយស៊ីរី ដោយបានកាន់កាប់តំបន់ព្រំដែនភាគច្រើន៕
ប្រែសម្រួល ឈូក បូរ៉ា

To Top