ព័ត៌មានជាតិ

រោងចក្រកែច្នៃ គ្រាប់ស្វាយចន្ទី តម្លៃរាប់លានដុល្លារ លើផ្ទៃដី២០ហិចតា នៅខេត្តកំពង់ធំ ចាប់ផ្តើមបើកការដ្ឋាន សាងសង់ជាផ្លូវការ

កំពង់ធំ ៖ រោងចក្រកែច្នៃ គ្រាប់ស្វាយចន្ទីតម្លៃរាប លានដុល្លារ ត្រូវបានបញ្ចុះបឋមសិលាសាងសង់ ដើម្បីបង្កើនកែច្នៃគ្រាប់ចន្ទី សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដែលជាការវិនិយោគដោយក្រុមហ៊ុន យូនីក ណូប៊ល ត្រេតឌីង ឯ.ក និងអភិវឌ្ឍន៍គម្រោងវិនិយោគដោយ សមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) ។ គម្រោងវិនិយោគនេះ នឹងដាក់ស្នើជាគម្រោង QIP ថ្នាក់ខេត្ត ក្រោមការផ្តល់គោលការណ៍នាំរបស់លោកអភិបាលខេត្តកំពង់ធំ ។

ពិធីបញ្ចុះបឋមសិលាសាងសង់រោងចក្រនេះ បានធ្វើឡើងក្រោមវត្តមានលោក ស៊ុម សុខម្ពូ រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋាន កិច្ចការព្រំដែន និងជាទីប្រឹក្សាជាន់ខ្ពស់របស់ សមាគម វិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) តំណាងឲ្យ បណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល លោក ជា វ៉ាន់ចាន់ អភិបាលរងខេត្ត តំណាង លោក នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ លោក ចាប សុភ័គ អគ្គលេខាធិការ (IDI ) និងលោកស្រី ពិន ភិរម្យ អគ្គនាយកក្រុមហ៊ុន យូនីក ណូប៊ល ត្រេឌីង ឯ.ក ព្រមទាំងវត្តមានអស់លោកលោកស្រី អ្នកពាក់ព័ន្ធទាំងអស់បានអញ្ជើញចូលរួមជាអធិបតីភាព ដែលស្ថិតនៅក្នុងភូមិសាលាពពេល ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ។

លោក ជា វ៉ាន់ចាន់ បានបង្ហាញការស្វាគមន៍ ចំពោះការសាងសង់រោងចក្រកែច្នៃស្វាយចន្ទី នៅលើទឹកដីខេត្តកំពង់ធំ គឺជាកាយវិកាល្អ និងជាដៃគូរាជរដ្ឋាភិបាល ក្នុងការលើកស្ទួយ វិស័យស្វាយចន្ទី ដែលមានវិសាលភាពផ្ទៃដីធំទូលាយណាស់ ក្នុងចំណោមផ្ទៃដី១៥ពាន់គីឡូម៉ែត្រការ៉េ ដែលមានសក្ដានុពលស្រូវ និងដំណាំឧស្សាហកម្ម ដូចជាកៅស៊ូ ស្វាយ ស្វាយចន្ទី ជាពិសេស ការសាងសង់រោងចក្រកែ ច្នៃគ្រាប់ស្វាយចន្ទីនៅទឹកដី ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្កពិត ជាមានសារៈសំខាន់ និងគុណប្រយោជន៍ដល់ប្រជាកសិករ ដែលកំពុងដាំដុះលើដំណាំនេះ ដោយសារឃុំនេះ គឺជាឃុំដែលមានដំណាំស្វាយចន្ទីរច្រើន ដែលប្រជាកសិករនៅតាមមូលដ្ឋាននីមួយៗកំពុងតែដាំដុះ ធ្វើឲ្យសក្ដានុពលមានវិសាលភាពធំធេង គួរឲ្យកត់សម្គាល់ ក្នុងនោះក្រុមហ៊ុន ក៏អាចប្រមូលទិញពីមជ្ឈដ្ឋានផ្សេងៗដែលបានដាំដុះដើម្បីយកមកកែច្នៃ ធ្វើការនាំចេញទៅក្រៅប្រទេសទូទាំងពិភពលោកលើឆាកអន្តរជាតិ ។

លោក អួន ស៉ីឡត ប្រធានសមាគមស្វាយចន្ទីកម្ពុជា លើកឡើងថា កន្លងមកប្រជាពលរដ្ឋក្នុងខេត្តខ្លះកាប់កៅស៊ូ ដាំស្វាយចន្ទី កាប់ស្វាយចន្ទី ដាំកៅស៊ូ ដោយសារគាត់មិនមានភាពច្បាស់លាស់ កាលណាផលិតផលណាថ្លៃ ពួគាត់នឹងរត់ទៅដាំដំណាំនោះ ហេតុនេះហើយលោក សំណូមពរដល់សមាគមស្វាយចន្ទីបង្កើនការផ្សព្វផ្សាយពីគោលការណ៍ ដើម្បីឲ្យប្រជាពលរដ្ឋបានយល់អំពីផែនការ និងកិច្ចសហការរវាងសមាគម វិស័យឯកជន និងអ្នកដាំឲ្យស៊ីសង្វាក់គ្នា ។ តំណាងក្រុមហ៊ុនវិនិយោគរោងចក្រកែច្នៃស្វាយចន្ទី បានលើកឡើងថា មូលហេតុដែលលោកជ្រើសរើស វិនិយោគសាងសង់រោងចក្រនៅកំពង់ធំ ពីព្រោះខេត្តកំពង់ធំ ជាខេត្តដែលដាំស្វាយចន្ទីច្រើនជាងគេ។ លោកបន្តថា ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺកម្ពុជាមានភាពអស្ចារ្យ ហើយលោកនឹងបន្តផ្សព្វផ្សាយទៅកាន់វិនិយោគិនដទៃទៀត ឲ្យចូលមកវិនិយោគនៅកម្ពុជា។ លោកបន្តថា «អ្នកវិនិយោគខ្លះក៏មានការភាន់ច្រឡំ ដោយសារការបកស្រាយមួយចំនួន ដែលជាភាពអវិជ្ជមានសម្រាប់កម្ពុជា ប៉ុន្តែខ្ញុំនៅទីនេះ គឺខ្ញុំឃើញច្បាស់ថាក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីល្អ ដោយធ្វើឲ្យអ្នកវិនិយោគ មានទំនុកចិត្ត។»

លោកស្រី ពិន ភិរម្យ អគ្គនាយកក្រុមហ៊ុន យូនីក ណូប៊ល ត្រេឌីង ឯ.ក បានឲ្យដឹងថា ការសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីមានតម្លៃរាបលានដុល្លារនេះ លើផ្ទៃដី២០ហិចតា ក្នុងនោះកម្រិតសមត្ថភាពកែច្នៃជាមធ្យម៣០តោនក្នុងមួយថ្ងៃ ប្រើកម្លាំងពលកម្ម ២០០ – ៤០០នាក់ សាងសង់ដោយក្រុមហ៊ុន យូនីក ណូប៊ល ត្រេឌីង ឯ.ក ។

លោកស្រីអគ្គនាយកក្រុមហ៊ុន បានបន្តថា ក្រៅពីកែច្នៃគ្រាប់ស្វាយចន្ទី ក្រុមហ៊ុន នឹងកែច្នៃសំបកគ្រាប់ស្វាយចន្ទីគាបយកប្រេង កែច្នៃកាកសំណល់ធ្វើជាជី សម្រាប់ឲ្យប្រជាកសិករយកទៅប្រើប្រាស់ ក្នុងតម្លៃទាបសមរម្យ ម្យ៉ាងវិញទៀតនៅក្នុងផ្ទៃដី២០ហិចតានេះ ក៏មានវត្តមានរោងចក្រគ្រឿងអេឡិចត្រូនិច សម្រាប់កែច្នៃគ្រាប់ស្វាយចន្ទីរដែលបានសហការយ៉ាងល្អជាមួយក្រុមហ៊ុនថាញ់ដាត ប្រទេសវៀតណាម៕

default
default
To Top