ព័ត៌មានជាតិ

បណ្ឌិត ឆាយ សុផល ចេញផ្សាយសៀវភៅ ស្តីពីប្រវត្តិ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី

សៀវភៅដែលមានចំណងជើងថា «ពេជ ចន្ទមុន្នី ភរិយា នាយករដ្ឋមន្រ្តីទី៣៧ នៃកម្ពុជា» ត្រូវបានចេញផ្សាយ នៅសប្តាហ៍នេះ ដើម្បីចូលរួមនៅក្នុងពិព័រណ៍សៀវភៅកម្ពុជា លើកទី១១ នាថ្ងៃទី១៩ ដល់ទី២២ ខែធ្នូ ឆ្នាំ២០២៤ នេះ ។

លោកបណ្ឌិត ឆាយ សុផល អ្នកសារព័ត៌មានជើងចាស់ បានប្រាប់អ្នកសារព័ត៌មានថា សៀវភៅ ដែលមានកម្រាស់ប្រមាណជា៤០០ទំព័រនេះ ត្រូវបានបោះពុម្ព ចំនួនជាង៣ម៉ឺនច្បាប់ ដើម្បីទុកចែកជូនយុវជន ឱ្យបានយល់ដឹង ពីការខិតខំប្រឹងប្រែង របស់ភរិយានាយករដ្ឋមន្ត្រីទី៣៧ នៃកម្ពុជា គឺ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ។

បើតាមការឱ្យដឹងពីលោកបណ្ឌិត ឆាយ សុផល គឺសៀវភៅនេះ បានបង្ហាញពីជីវិតពិត របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាំងពីកុមារភាព មរហូតក្លាយជាស្រ្តីទី១ នៃកម្ពុជា ។ សៀវភៅក៏បានរំលេចខ្លះៗ ពីជីវិតរបស់លោកឪពុក និងអ្នកម្តាយ របស់លោកជំទាវផងដែរ ។

នៅក្នុងសៀវភៅបានសរសេរថា ឈ្មោះ «ពេជ ចន្ទមុន្នី» ជាឈ្មោះទី៣ ដែលលោកឪពុក និងអ្នកម្តាយបានប្រាប់អ្នកនិពន្ធថា ជាឈ្មោះអច្ឆរិយៈ ព្រោះឈ្មោះនេះ ដាក់ដោយចៃដន្យ ដែលនឹកស្មានមិនដល់ ។

ពេជ ចន្ទមុន្នី បានចូលរៀន និងចេះចាំតាំងពីអាយុបាន២ឆ្នាំ ហើយពូកែស្ទើរគ្រប់មុខវិជ្ជា ចាប់ពីអាយុ៦ឆ្នាំ ជាពិសេសខ្លាំងខាងគណិតវិទ្យា ដូចលោកឪពុក និងអ្នកម្តាយរបស់ខ្លួន កាលពីនៅសិក្សាដែរ ។

បន្ទាប់ពីបានបញ្ចប់មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ចន្ទមុន្នី បានប្រឡងជាប់លេខ១ ចូលរៀននៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នៅក្នុងវ័យ១៥ឆ្នាំ។ ដោយជានិស្សិតក្មេងជាងគេ ហើយប្រឡងបានចំណាត់ថ្នាក់លេខ១ នៅសាកលវិទ្យាល័យនេះ ទើបលោក និងលោកស្រី Fujimoto ជនជាតិជប៉ុន និងជាស្ថាបនិកមូលនិធិ A&H Fujimoto (A&H Fujimoto Foundation) សម្រេចផ្តល់អាហារូបករណ៍ឱ្យ ចន្ទមុន្នី ហើយលោកទាំងពីរ ក៏បានសុំ ចន្ទមុន្នី ធ្វើជាកូនចិញ្ចឹម និងបន្តផ្តល់អាហារូបករណ៍ឱ្យ ចន្ទមុន្នី សិក្សារហូតដល់បញ្ចប់ថ្នាក់បណ្ឌិត ដោយគាំទ្រ ឱ្យទៅរៀននៅសាលាល្អៗ នៅក្នុងពិភពលោក ។

ជាងនេះទៅទៀត ដោយសារតែនិស្ស័យផង លោកនិងលោកស្រី Fujimoto ដែលជាអ្នកជំនួញដែរនោះ ក៏បានសម្រេចចិត្តផ្តល់កេរមរតក ជូនកូនចិញ្ចឹម ចន្ទមុន្នី ទុកជាទ្រព្យសម្បត្តិ នេះបើតាមការឱ្យដឹងពីអ្នកនិពន្ធ ។

បើតាមការរៀបរាប់របស់អ្នកនិពន្ធ គឺលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជាស្រ្តីទី១ដំបូងគេនៅកម្ពុជា ដែលបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត នៅឯចក្រភពអង់គ្លេស និងមានជំនាញ ផ្នែកសុខភាពសាធារណៈ ហើយថា បើទោះបីជាប្រសូតនៅក្នុងត្រកូលបញ្ញវន្ត និងមានជីវភាពសមរម្យ ហើយក្រោយមក ក៏ក្លាយជាបញ្ញវន្តជាន់ខ្ពស់ មានឪពុកក្មេកជានាយករដ្ឋមន្រ្តី រហូតដល់ស្វាមីក្លាយជានាយរដ្ឋមន្រ្តីក៏ដោយ ក៏លោកជំទាវបណ្ឌិត នៅតែរក្សាបានចរិយាសម្បត្តិ សុភាព រាបសា រួសរាយ រាក់ទាក់ និងបន្តធ្វើការងារសង្គម និងមនុស្សធម៌ជាធម្មតា ដោយគ្មានការរើសអើង និងប្រកបដោយការទទួលខុសត្រូវ ។

គួរបញ្ជាក់ថា នេះជាសៀវភៅទី២១ហើយ ដែលលោកបណ្ឌិត ឆាយ សុផល បានសរសេរ និងផ្សព្វផ្សាយជាសាធារណៈ នេះមិនទាន់គិតពីសៀវភៅដែលលោកបានជួយកែសម្រួលឱ្យគេនោះទេ។
លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ អ្នកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ និងលោកជំទាវ លោកអ្នកឧកញ៉ា លាង ឃុន និងលោកជំទាវ លោកអ្នកឧកញ៉ា ស៊ី គង់ទ្រីវ និងលោកជំទាវលោកអ្នកឧកញ៉ា ព្រមទាំងឧកញ៉ា ជាម ឃុនណាត និងភរិយា ហេង ចិន្តា បានចូលរួមថវិកាខ្លះសម្រាប់ការបោះពុម្ពសៀវភៅនេះ ។

លោកបណ្ឌិត ឆាយ សុផល បានបញ្ជាក់ដែរថា សៀវភៅនេះក៏នឹងចែកជូននៅពិព័រណ៍សៀវភៅកម្ពុជា លើកទី១១ នាថ្ងៃទី១៩ ដល់ទី២២ ខែធ្នូ ឆ្នាំ២០២៤ នេះដែរ នៅឯកោះពេជ្រ និងដាក់តាមបណ្ណាល័យជាតិ និងបណ្ណាល័យ នៃសាកលវិទ្យាល័យមួយចំនួនដែរ ទាំងនៅរាជធានី និងខេត្ត ។

លោកបណ្ឌិតបន្តថា សៀវភៅនេះក៏មានបំណងចូលរួមអបអរ នៃខួបអាពាហ៍ពិពាហ៍របស់លោកជំទាវបណ្ឌិត និងសម្តេចធិបតី នាថ្ងៃទី៧ ខែមករា និងខួបកំណើត របស់លោកជំទាវបណ្ឌិត នាថ្ងៃទី២២ ខែមករា ដែរ ។

បើតាមការឱ្យដឹងពីលោកបណ្ឌិត គឺក្រុមការងាររបស់លោកកំពុងរៀបចំអានដោយថតជាអូឌ្យូ (សំឡេង) និងរៀបចំបកប្រែជាភាសាអង់គ្លេស ដើម្បីបោះពុម្ពផ្សាយ នាពេលឆាប់ៗនេះ សម្រាប់មិត្តអ្នកអានបរទេស ៕

To Top