ភ្នំពេញ ៖ លោក Riccardo Puliti អនុប្រធានប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានថ្លែងអំណរគុណ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងក្រសួង-ស្ថាប័នកម្ពុជា ជាមួយនឹងIFC នាពេលកន្លងមក និងបានបង្ហាញបំណង ក្នុងការស្វែងរកកាលានុវត្តភាព ដើម្បីពង្រីកការវិនិយោគរបស់ខ្លួន បន្ថែមទៀតនៅកម្ពុជា ។
នេះជាការលើកឡើងរបស់លោក Riccardo Puliti ក្នុងឱកាសដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាត ឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព កាលពីរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ។
នៅក្នុងជំនួបខាងលើនេះ លោក Riccardo Puliti បានវាយតម្លៃខ្ពស់ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលរក្សាបាននូវសន្តិភាព ស្ថិរភាព និងកំណើនសេដ្ឋកិច្ច ព្រមទាំងការយកចិត្តទុកដាក់ និងការទទួលស្គាល់តួនាទីដ៏សំខាន់ របស់វិស័យឯកជន ក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។
ជាមួយគ្នានេះ លោកអនុប្រធានប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃ IFC ក៏បានថ្លែងអំណរគុណ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួង-ស្ថាប័នកម្ពុជា ជាមួយនឹងIFC នាពេលកន្លងមក និងបានបង្ហាញបំណង ក្នុងការស្វែងរកកាលានុវត្តភាព ដើម្បីពង្រីកការវិនិយោគរបស់ខ្លួន បន្ថែមទៀតនៅកម្ពុជា លើវិស័យសំខាន់ៗមួយចំនួន ដែលរួមមានជាអាទិ៍៖ វិស័យថាមពលកកើតឡើងវិញ, វិស័យឡូជីស្ទីក និងការដឹកជញ្ជូន និងវិស័យហិរញ្ញវត្ថុ ។
ជាការឆ្លើយតប សម្ដេចធិបតី បានសម្តែងនូវសេចក្តីសោមនស្ស ចំពោះការចូលរួមចំណែករបស់ IFC ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ព្រមទាំងបានស្វាគមន៍ IFC ដែលមានបំណងស្វែង រកឱកាសពង្រីកការវិនិយោគ របស់ខ្លួននៅកម្ពុជា។
សម្តេចបវរធិបតី បានគូសបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយ និងការយកចិត្តទុកដាក់ជាអាទិភាពលើការអភិវឌ្ឍវិស័យថាមពលកកើតឡើងវិញ ដែលបច្ចុប្បន្ននេះកម្ពុជា បានប្រើប្រាស់ថាមពលកកើតឡើងវិញប្រមាណជា ៦២ % និងបន្តជំរុញឱ្យឈានទៅសម្រេចបាន ៧០ % នៅក្នុងឆ្នាំ ២០៣០។
ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានខិតខំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ក្នុងវិស័យឡូជីស្ទីក និងការដឹកជញ្ជូន ដែលរួមមានដូចជា៖ ផ្លូវល្បឿនលឿន, កំពង់ផែទឹកជ្រៅ ដើម្បីធានាដល់ការតភ្ជាប់ការដឹកជញ្ជូនក្នុងប្រទេស និងតំបន់ ក៏ដូចជាអន្តរជាតិ។
បន្ថែមពីនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានខិតខំអភិវឌ្ឍ និងជំរុញកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសក្នុងតំបន់ និងអន្តរជាតិលើការប្រើប្រាស់មធ្យោបាយ នៃការទូទាត់តាមប្រព័ន្ធKHQR ដែលបានរួមចំណែកធានាដល់ការប្រកួតប្រជែង និងសម្រួលដល់ការវិនិយោគ នៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ ៕