“សញ្ញាវិជ្ជមានបានលេចចេញ ក្នុងវិស័យជាច្រើន” “ទិន្នន័យសេដ្ឋកិច្ចជាទូទៅ មានភាពប្រសើរឡើង” “ត្រូវបានរំពឹងថា នឹងសម្រេចបាននូវគោលដៅ កំណើនពេញមួយឆ្នាំ”។ល។នៅថ្ងៃទី១៦ខែធ្នូ បន្ទាប់ពីរដ្ឋាភិបាលចិនបានប្រកាសនូវស្ថានភាពដំណើរការសេដ្ឋកិច្ចជាតិនៅខែវិច្ឆិកា ប្រព័ន្ធផ្សព្វផ្សាយបរទេសជាច្រើនបានវាយតម្លៃដូចពោលខាងលើ ។ មតិអន្តរជាតិយល់ឃើញថា ការកើនឡើងវិញជាលំដាប់ នៃសេដ្ឋកិច្ចចិន បានបញ្ជាក់ពីការវិនិច្ឆ័យ ដែលធ្វើឡើងដោយសន្និសីទ ការងារសេដ្ឋកិច្ចមជ្ឈិមចិន ដែលទើបបានបញ្ចប់ ។
ទិន្នន័យបង្ហាញថា ៖ នៅដើមខែវិច្ឆិកា ដំណើរការសេដ្ឋកិច្ចរបស់ប្រទេសចិន បានបន្តនិន្នាការកើនឡើងវិញ ចាប់តាំងពីខែកញ្ញាមក ហើយគុណភាព នៃការដំណើរការសេដ្ឋកិច្ចចិន ក៏បានបន្តមានភាពប្រសើរឡើងផងដែរ ។ ក្នុងចំណោមនោះ សញ្ញាមួយដែលលេចធ្លោបំផុត គឺកម្លាំងចលករ នៃការច្នៃប្រឌិតថ្មីកាន់តែខ្លាំងឡើង។ មួយផ្នែក ផលិតផលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសំខាន់ៗ កំពុងកើនឡើងយ៉ាងឆាប់រហ័ស ដូចជារថយន្តថាមពលថ្មី មនុស្សយន្តផ្នែកឧស្សាហកម្ម សៀគ្វីរួមបញ្ចូលគ្នាជាដើមសុទ្ធតែកើនឡើងយ៉ាងឆាប់រហ័ស។ មួយផ្នែកទៀត និន្នាការកើនឡើងនៃឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់មានភាពល្អប្រសើរ ការវិនិយោគខាងឧស្សាហកម្មផលិតកម្មបច្ចេកវិទ្យាខ្ពស់និងសេវាកម្មបច្ចេកវិទ្យាខ្ពស់ក្នុងរយៈពេល១១ខែដើមឆ្នាំនេះ បានកើនឡើង៨.២ភាគរយនិង ១០.២ភាគរយដោយឡែកពីគ្នា ។ ប្រការទាំងនេះបានបង្ហាញថា ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យា របស់ប្រទេសចិនបានជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយគុណភាពខ្ពស់ ។
ការកើនឡើងជាលំដាប់ នៃការប្រើប្រាស់គឺជាសញ្ញាវិជ្ជមានមួយទៀត ។ ក្នុងរយៈពេល១១ខែដើមឆ្នាំ២០២៤ ទំហំសរុបនៃការលក់រាយទំនិញ ប្រើប្រាស់ក្នុងសង្គមចិន មានចំនួន៤៤.២៧ ទ្រីលានយាន់ប្រាក់ចិន កើនឡើង៣.៥ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣។ មជ្ឈដ្ឋានខាងក្រៅបានយល់ឃើញថា នេះគឺមានន័យថា ទីផ្សារនៃការប្រើប្រាស់របស់ប្រទេសចិន កំពុងងើបឡើងវិញជាលំដាប់ ។ ក្នុងចំណោមនោះ ការលក់រាយ តាមបណ្តេញអ៊ីនធឺណិត បានកើនឡើង៧.៤ភាគរយបើប្រៀបធៀប នឹងរយៈពេលដូចគ្នា នៃឆ្នាំ២០២៣ដែលខ្ពស់ជាងកំណើន ទូទៅនៃការលក់រាយទំនិញប្រើប្រាស់ក្នុងសង្គមយ៉ាងច្បាស់លាស់។ នេះបានសឱ្យឃើញថា ឧស្សាហកម្មថ្មីនិងរូបមន្តថ្មីនៃការប្រើប្រាស់របស់ប្រទេសចិនបានទទួលការអភិវឌ្ឍយ៉ាងល្អប្រសើរ ហើយមានសក្តានុពលយ៉ាងខ្លាំងនាពេលអនាគត ។
តាមពិត បើមើលពីកត្តាអន្តរជាតិ លទ្ធផលសេដ្ឋកិច្ចរបស់ប្រទេសចិន ក្នុងខែវិច្ឆិកាគឺបានមកដោយមិនងាយទេ។ ចាប់តាំងពីចូលឆ្នាំនេះមក បរិយាកាសអន្តរជាតិ មានភាពស្មុគ្រស្មាញនិងតានតឹង ការងើបឡើងវិញនៃសេដ្ឋកិច្ចសកល បានបង្អង់ល្បឿន ហើយការលំបាក ក្នុងការកែសម្រួល និងការធ្វើបរិវត្តកម្មសេដ្ឋកិច្ច របស់ប្រទេសចិន ក៏បានកើនឡើងផងដែរ។ ក្នុងបរិបទបែបនេះ ហេតុអ្វីបានជាសេដ្ឋកិច្ចចិនអាចទប់ទល់នឹងសម្ពាធនិងកើនឡើងដោយនឹងនរជាលំដាប់?លោកWang Xiaosongសាស្រ្តាចារ្យ នៃវិទ្យាស្ថានសេដ្ឋកិច្ចនៃសកលវិទ្យាល័យប្រជាជនចិន បានវិភាគថា មួយផ្នែកគឺមកពីសេដ្ឋកិច្ចរបស់ប្រទេសចិន មានមូលដ្ឋានរឹងមាំ ឧត្តមភាពច្រើន ភាពធន់និងសក្តានុពលយ៉ាងខ្លាំង លក្ខខណ្ឌគាំទ្រនិងនិន្នាការជាទូទៅ ដែលមានភាពល្អប្រសើរ ក្នុងរយៈពេលជាយូរមិនបានកែប្រែទេ។ មួយផ្នែកទៀត ស្របពេលដែលប្រសិទ្ធិភាពចម្រុះ នៃគោលនយោបាយដែលមានស្រាប់ និងគោលនយោបាយបន្ថែមបន្តបញ្ចេញ ការប្រែប្រួលជាវិជ្ជមាន ក្នុងការដំណើរការសេដ្ឋកិច្ចជាតិចិន បានកើនឡើងថែមមួយកម្រិតទៀត ។
បើមើលពីកត្តាខាងក្រៅ ទំនាក់ទំនងការទូតដ៏ស្ថិរភាព រវាងប្រទេសចិននិងបណ្តាប្រទេសនានាលើពិភពលោក បានផ្តល់នូវមូលដ្ឋានដ៏ល្អ សម្រាប់ការប្រាស្រ័យទាក់ទងខាង សេដ្ឋកិច្ចជាមួយបរទេស ។ ទន្ទឹមនឹងនេះ ប្រទេសចិនបន្តជំរុញ ការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”ប្រកបដោយគុណភាពខ្ពស់ ធ្វើឱ្យស៊ីជម្រៅនូវយន្តការ កិច្ចសហប្រតិបត្តិការប្រទេស BRICS និងពង្រីករង្វង់មិត្តភក្តិផ្នែកសេដ្ឋកិច្ច និង ពាណិជ្ជកម្មបន្ថែមទៀតជា បន្តបន្ទាប់។សន្និសីទការងារសេដ្ឋកិច្ចមជ្ឈិមចិន ឆ្នាំនេះបានលើកឡើងយ៉ាងច្បាស់លាស់ថា “នឹងពង្រីកការបើកចំហចំពោះក្រៅប្រទេសប្រកបដោយកម្រិតខ្ពស់” និង”លំនឹងពាណិជ្ជកម្មបរទេសនិងលំនឹងការវិនិយោគបរទេស” ដែលបានពង្រឹងបន្ថែមទៀត នូវការរំពឹងទុករបស់មជ្ឈដ្ឋានខាងក្រៅ ។
សញ្ញាវិជ្ជមានមួយចំនួន នៃសេដ្ឋកិច្ចរបស់ប្រទេសចិន នាពេលថ្មីៗនេះបានបញ្ជាក់ថា ប្រទេសចិនមានជំនឿចិត្ត ចំពោះការសម្រេចបាននូវគោលដៅកំណើន ប្រហែល៥ភាគរយដែលនឹងបន្តដើរតួនាទីជាក្បាលម៉ាស៊ីនដ៏ធំបំផុត ចំពោះកំណើនសេដ្ឋកិច្ចពិភពលោក ។ បើនិយាយចំពោះពិភពលោក សញ្ញាវិជ្ជមានបែបនេះកាន់តែច្រើន ឱកាសនិងភាគលាភក៏នឹងមានកាន់តែច្រើនដែរ ៕