ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យលោក Krishna Srinivasan នាយកតំបន់អាស៊ី និងប៉ាស៊ីហ្វិក របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ខណៈ IMF ប្ដេជ្ញាបន្តចូលរួមរក្សាភាព រឹងមាំផ្នែកហិរញ្ញវត្ថុ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។
ក្នុងឱកាសនៃជំនួប, លោកនាយកតំបន់ បានវាយតម្លៃខ្ពស់ចំពោះការរក្សាបាននូវវកំណើនសេដ្ឋកិច្ចខ្ពស់ របស់កម្ពុជាប្រកបដោយភាពធន់។ លោកនាយកតំបន់ ក៏បានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន IMF ជាមួយនឹងក្រសួង-ស្ថាប័ននានារបស់រាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក ព្រមទាំងបានបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់ស្ថាប័ន IMF ក្នុងការបន្តផ្សារភ្ជាប់ទំនាក់ទំនង និងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមរក្សាភាពរឹងមាំផ្នែកហិរញ្ញវត្ថុ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។
ជាការឆ្លើយតប, សម្ដេចបវរធិបតី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះតួនាទីដ៏មានសារៈសំខាន់របស់ស្ថាប័ន IMF ក្នុងការគាំទ្រ និងចូលរួមចំណែក ដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជារហូតមកដល់បច្ចុប្បន្ននេះ។ សម្ដេចបវរធិបតី ក៏បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងស្វាគមន៍ចំពោះការប្ដេជ្ញាចិត្តរបស់ស្ថាប័ន IMF នៅក្នុងការបន្តផ្សារភ្ជាប់ទំនាក់ទំនង ក៏ដូចជាការពង្រឹង និងពង្រីកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាមួយរាជរដ្ឋាភិបាលកម្ពុជា។
ទន្ទឹមនឹងនេះ សម្ដេចបវរធិបតី ក៏បានគូសបញ្ជាក់អំពីរាជរដ្ឋាភិបាលដែលបានដាក់ចេញនូវយន្តការ និងការកែទម្រង់ចាំបាច់នានា សំដៅជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការដាក់ចេញ នូវគោលនយោបាយជាច្រើន ដើម្បីធានាបរិយាកាសប្រកួតប្រជែង, ភាពធន់នៃខ្សែច្រវាក់ផ្តត់ផ្គង់ក្នុងស្រុក, ការបណ្ដុះបណ្ដាលកម្លាំង ពលកម្មប្រកបដោយជំនាញវិជ្ជាជីវៈផ្នែកបច្ចេកវិទ្យា, យានយន្ត និងបច្ចេកទេសខ្ពស់ ក្នុងន័យតម្រង់ទិសដើម្បីឆ្លើយតបទៅនឹងទីផ្សារក្នុង និងក្រៅប្រទេស។ ជាមួយគ្នានេះ, រាជរដ្ឋាភិបាលក៏បានដាក់ចេញ នូវគោលនយោបាយ, វិធានការ និងកញ្ចប់លើកទឹកចិត្តចាំបាច់ ដើម្បីធានាក្នុងការផ្ដល់ភាពជោគជ័យរបស់វិនិយោគិននៅកម្ពុជា តាមរយៈការធានាឱ្យបាន នូវបរិយាកាសវិនិយោគ និងភាពប្រកួតប្រជែងខ្ពស់។
សម្ដេចបវរធិបតី និងលោកនាយកតំបន់ ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នា អំពីស្ថានភាពទូទៅនៃសេដ្ឋកិច្ចក្នុងតំបន់ និងសកលលោក ចំពោះមុខនៃស្ថានភាព ដែលសកលលោកកំពុងស្ថិតក្នុងភាពមិនប្រាកដប្រជា នាពេលបច្ចុប្បន្ន និងអនាគត ៕