ភ្នំពេញ ៖ សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង សុខាភិបាល នាថ្ងៃ១៧ ធ្នូ បានធ្វើបទបាឋកថា ស្តីពីការបង្កើនសមិទ្ធផល ការងាររបស់បុគ្គល ក្រុមការងារក្នុងវិស័យ សុខាភិបាល ក្នុងវគ្គភាពជាអ្នកដឹកនាំ និង នវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តី សុខាភិបាល គ្រប់ឋានានុក្រម ក្រោមឱវាទ ក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាព ចូលរួមសរុបចំនួន ៤ ១៥៣ នាក់។
ជាកិច្ចបន្តសាស្រ្តាចារ្យរដ្ឋមន្រ្តី បានធ្វើបទបាឋកថា លើប្រធានបទ ការបង្កើនសមិទ្ធិផលការងារ (performance) របស់បុគ្គល/ក្រុមការងារក្នុងវិស័យសុខាភិបាល ដោយសង្កត់ធ្ងន់ថា ដើម្បីបង្កើនប្រសិទ្ធិភាពការងារក្នុងវិស័យសុខាភិបាល បុគ្គលិកសុខាភិបាលគ្រប់រូបត្រូវធ្វើការឱ្យចេញជាសមិទ្ធផល ហើយសមិទ្ធផលទាំងនេះ នឹងត្រូវកើតឡើងជាបន្តរបន្ទាប់ មិនមែនគ្រាន់តែកើតឡើងដោយចៃដន្យ ឬម្តងម្កាលនោះទេ។
លោករដ្ឋមន្រ្តីថា បន្ថែមពីលើនេះ អ្នកដឹកនាំក្នុងវិស័យសុខាភិបាល ក៏ត្រូវរៀបចំក្រុមការងារ ឱ្យមានប្រសិទ្ធភាព សម្រាប់បំពេញការងារតាមអង្គភាពផងដែរ ។
ដើម្បីដឹកនាំក្រុមការងារ ឱ្យមានប្រសិទ្ធភាព អ្នកដឹកនាំត្រូវ (១).ចេះប្រែក្លាយការងារ ពីអតីតកាលឱ្យក្លាយជាកម្លាំងវិជ្ជមាន និងបន្តរខិតខំកែរលំអរការងារកន្លងមក អោយកាន់តែប្រសើរឡើង (២).ត្រូវផ្តល់ក្តីសង្ឃឹម ដល់សមាជិកក្រុមការងារ និងយកចិត្តទុកដាក់ស្តាប់ ផ្តល់ការគិតគូរ និងជួយដល់បុគ្គលិកដោយក្តីសុច្ចរិត (៣).មានភាពបត់បែនក្នុង ការងារដើម្បី ធ្វើឱ្យក្រុមការងារ ឬអង្គភាពមានភាព រស់រវើក ឬភាពទាក់ទាញឱ្យមានការ ចូលរួមកាន់តែច្រើន ពីបុគ្គលិកនិងភាគី ពាក់ព័ន្ធ (៤).បង្កើតបរិស្ថានការងារ ដែលរីកចម្រើន និងមាន និរន្តរភាព តាមរយៈការជួយគ្នាទៅវិញទៅមក និង (៥). ត្រូវជំរុញឱ្យ មានការ រក្សាបាននូវមនសិការវិជ្ជាជីវៈសុខាភិបាល និង ជំរុញក្រុមការងារសម្រេច បានសមិទ្ធផលសម្រាប់វិស័យ សុខាភិបាលទាំងមូល ៕