ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយកម្រិតធ្ងន់ វាយប្រហារមក លើប្រទេស ដែនកោះ Vanuatu បណ្តាលឲ្យមាន អ្នកស្លាប់តិចបំផុត១៤នាក់

AFP

ស៊ីដនី៖ កាលពីថ្ងៃអង្គារ មានមនុស្ស យ៉ាងហោចណាស់១៤នាក់បានស្លាប់ និងរាប់រយនាក់ទៀត រងរបួស ក្រោយពីគ្រោះ រញ្ជួយដីដ៏ធំមួយ បានវាយប្រហារលើប្រទេស វ៉ានូអាទូ (Vanuatu) ។
ក្រុមកាកបាទក្រហមបាន រាយការណ៍អំពីចំនួន អ្នកស្លាប់នាពេលថ្មីៗ នៅព្រឹកថ្ងៃពុធនេះ ម៉ោងក្នុងស្រុក ដោយបានដកស្រង់ ប្រភពចេញពីរដ្ឋាភិបាល ហើយប្រព័ន្ធផ្សព្វផ្សាយក្នុង ស្រុកបានរាយការណ៍ ពីមុនថាមានអ្នកស្លាប់ចំនួន៧នាក់ ។

គួរបញ្ជាក់ថា គ្រោះរញ្ជួយដីកម្រិត៧,៣រ៉ិចទ័របានវាយប្រហារ មកលើរដ្ឋធានី Port Vila របស់ប្រទេសវ៉ានូអាទូ កាលពីថ្ងៃអង្គារ ដែលបណ្តាល ឱ្យមានការបំផ្លាញធ្ងន់ធ្ងរ ។

គ្រោះរញ្ជួយដីជាច្រើនលើកបាន វាយប្រហារមកលើតំបន់នេះ បន្ទាប់ពីការរញ្ជួយដី កាលពីដំបូង រួមទាំងការវាស់ស្ទង់មួយ ដែលមានកម្រិត៥,៥ រ៉ិចទ័រ គិតមកដល់ព្រឹកព្រលឹមថ្ងៃពុធ នេះបើយោងតាមទីភ្នាក់ងារ ស្ទង់ទិន្នន័យ និងភូមិសាស្ត្ររបស់ សហរដ្ឋអាមេរិក ហៅកាត់ថា USGS បានបង្ហាញឲ្យដឹងដូច្នេះ ។

ប្រធានកាកបាទក្រហមប្រចាំនៅតំបន់ មហាសមុទ្រប៉ាស៊ីហ្វិក ដែលមានមូលដ្ឋាននៅហ្វីជី លោក Katie Greenwood បានលើកឡើងនៅលើបណ្តាញសង្គមថា មនុស្សជាង២០០នាក់បានរងរបួស ។

នាយកដ្ឋានកិច្ចការបរទេស និងពាណិជ្ជកម្ម របស់ប្រទេសអូស្ត្រាលី ហៅកាត់ថា (DFAT) បានឲ្យដឹងដែរថា ខ្លួនបានដឹងអំពីជនជាតិអូស្ត្រាលីមួយចំនួន ដែលរស់នៅក្នុងតំបន់ ប៉ុន្តែឧបនាយករដ្ឋមន្ត្រី Richard Marles បានថ្លែងនៅថ្ងៃពុធនេះថា គ្មានអ្នកណាម្នាក់ត្រូវបានគេជឿថា បានរងរបួសនៅឡើយទេ ។

រដ្ឋមន្ត្រីក្រសួងការបរទេស Penny Wong បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃអង្គារថា គ្រោះរញ្ជួយដីនេះបានបង្កឱ្យមានការខូចខាតយ៉ាងខ្លាំង ហើយបានបញ្ជាក់ថា ប្រទេសអូស្ត្រាលី នឹងបញ្ជូនជំនួយមកជួយនៅថ្ងៃពុធនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top