ភ្នំពេញ ៖ លោក លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន មានប្រសាសន៍ថា ចក្ខុវិស័យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺ «សកម្មភាពមីន មិនមែនផ្តោតលើតែគ្រាប់មីននោះទេ តែត្រូវផ្តោតសំខាន់លើជីវិត ភាពថ្លៃថ្នូរ និងអនាគតរបស់មនុស្ស»។
តាងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន, លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់ ស្តីពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងកិច្ចសហការ នៃបណ្តាញកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន តាមរយៈការគ្រប់គ្រងទិន្នន័យ ជនរងគ្រោះនៅតាមបណ្តារដ្ឋ សមាជិកអាស៊ាន នៅថ្ងៃទី១៧ ខែ ធ្នូ ឆ្នាំ២០២៤ ។
សិក្ខាសាលាថ្នាក់តំបន់ នេះ រៀបចំឡើងក្រោមកិច្ចសហការរវាងអាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និងមជ្ឈមណ្ឌល ARMAC និងមានការ ចូលរួម ពី តំណាង ក្រសួង/ស្ថាប័នពាក់ព័ន្ធ តំណាង រដ្ឋសមាជិក អាស៊ាន ប្រទេស ទីម័រលេស , សាធារណរដ្ឋកូរ៉េ, មជ្ឈមណ្ឌល ARMAC, ប្រតិបត្តិករ សកម្មភាព មីន, និង អង្គការ -ស្ថាប័នពាក់ព័ន្ធនឹង កិច្ច ការ ជនរងគ្រោះ។
លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានកោតសរសើរចំពោះតួនាទីដ៏សំខាន់របស់មជ្ឈមណ្ឌល ARMAC ក្នុងការជំរុញភាពជាដៃគូក្នុងតំបន់ និងការជំរុញកិច្ចសង្រ្គោះជនរងគ្រោះ ដោយសារមីន នៅក្នុងតំបន់អាស៊ាន ហើយ ឯកឧត្តម បានគូសបញ្ជាក់ដែរថា សិក្ខាសាលានេះ ជាសក្ខីភាពនៃការប្តេជ្ញាចិត្តរួមគ្នា ក្នុងការដោះស្រាយបញ្ហាប្រឈម របស់ជនរងគ្រោះ។
លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសាធារណរដ្ឋកូរ៉េ និងមូលនិធិសហប្រតិបត្តិការអាស៊ាន-សាធារណរដ្ឋកូរ៉េ ដែលបានគាំទ្រយ៉ាងសំខាន់ ក្នុងកិច្ចសង្គ្រោះជនរងគ្រោះដោយសារមីន ការបោសសម្អាតមីន និងការកសាងសមត្ថភាពនៅកម្ពុជា។
លោក បានសង្កត់ធ្ងន់លើភាពបន្ទាន់ ក្នុងការគាំទ្រ និងបំពេញតម្រូវការ របស់ជនរងគ្រោះ ដើម្បីឱ្យពួកគេអាចផ្លាស់ប្តូរជីវិតរបស់ខ្លួន និងអាចរស់នៅប្រកបដោយភាពថ្លៃថ្នូរ។ ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ដោយការដឹកនាំប្រកប ដោយចក្ខុវិស័យវែងឆ្ងាយ និងក្តីមេត្តាករុណា របស់សម្តេច បានជំរុញដល់កិច្ចខិតខំប្រឹងប្រែង ក្នុងសកម្មភាពបោសសម្អាតមីន និងកិច្ចសង្គ្រោះជនរងគ្រោះនៅកម្ពុជា ហើយក្រោមការដឹកនាំ របស់សម្តេច កម្ពុជា បានឈានមុខនៅក្នុង វិស័យសកម្មភាពមីននៅក្នុងតំបន់ ក៏ដូចជាពិភពលោក ដោយបានប្រែក្លាយផ្ទៃដីរងគ្រោះដោយសារមីន ទៅជាសហគមន៍ដែលមានសុខសុវត្ថិភាព និងមានការអភិវឌ្ឍជាទីកត់សម្គាល់។
លោក បានលើកឡើងជាពិសេស នូវចក្ខុវិស័យរបស់សម្តេចធិបតី គឺ «សកម្មភាពមីន មិនមែនផ្តោតលើតែគ្រាប់មីននោះទេ តែត្រូវផ្តោតសំខាន់លើ ជីវិត ភាព ថ្លៃថ្នូរ និងអនាគតរបស់មនុស្ស»។
បន្ថែមលើនេះ លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជា ក៏បានដើរតួរយ៉ាងសំខាន់ នៅក្នុងវិស័យសកម្មភាព មីនសាកល ដោយថ្មីៗនេះ កម្ពជាបានបញ្ចប់ភាព ជាប្រធានអនុសញ្ញាហាមប្រាមមីន ប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល សៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយ សម្រាប់សកម្មភាពមីនសាកល និងបានដាក់ចេញនូវផែនការ និងសេចក្តីថ្លែងការណ៍សៀមរាប-អង្គរ ដែលជាឯកសារប្រវត្តិសាស្ត្រ និងជាត្រីវិស័យដ៏សំខាន់របស់ពិភពលោក សម្រាប់រយៈពេល ៥ឆ្នាំខាងមុខ ដើម្បីឆ្ពោះទៅសម្រេចបានគោលដៅរួម គឺ “ការលុបបំបាត់ការរងគ្រោះ និងទុក្ខវេទនា បង្កឡើងដោយសារមីន”៕