ភ្នំពេញ៖ ព្រឹត្តិការណ៍បុណ្យសមុទ្រ លើកទី១១ ជុំទី៣ ឆ្នាំ២០២៤ នៅលើទឹកដីខេត្តកំពត ក្នុងរយៈពេល៣ថ្ងៃ បានប្រព្រឹត្តទៅប្រកបដោយភាពឱឡារិក អធិកអធម មានភាពរលូន និងមានសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈល្អ ដោយបានទាក់ទាញទេសចរជាតិ មកលេងកម្សាន្តសរុបចំនួន ៣៨៥,៥៥៣នាក់ កើនឡើង៤៤,៧% និងទេសចរបរទេស ចំនួន៣,៦១៥នាក់ កើនឡើង ១០៧,៤% ធៀបនឹងពិធីបុណ្យសមុទ្រឆ្នាំ២០២៣ ។
យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពី ព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១១ ជុំទី៣ ឆ្នាំ២០២៤ នៅខេត្តកំពត ក្រោមប្រធានបទ “អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ» នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ដោយទទួលបានគោលការណ៍ អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងទេសចរណ៍ និងគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំពិធីបុណ្យសមុទ្រ លើកទី១១ ជុំទី៣ ឆ្នាំ២០២៤ ខេត្តកំពត បានរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រ ដែលបានប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ «អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ» ប្រកបដោយបរិយាកាសអធិកធម និងសប្បាយរីករាយ ដោយទទួលបានការចូលរួមយ៉ាងច្រើនកុះករ ពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលអញ្ជើញមកពីគ្រប់មជ្ឈដ្ឋាន។
ព្រឹត្តិការណ៍ទេសចរណ៍ដ៏វិសេសវិសាលនេះ ទទួលបានការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុតពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅក្នុងពិធីបើកព្រឹត្តិការណ៍បុណ្យសមុទ្រ លើកទី១១ ជុំទី៣ ឆ្នាំ២០២៣ នាលាចថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តកំពត ដែលជាខេត្តគោលដៅទេសចរណ៍បេតិកភណ្ឌ វប្បធម៌ ប្រវត្តិសាស្ត្រ កសិទេសចរណ៍ អេកូទេសចរណ៍ និងជាគោលដៅសម្រាកលំហែដ៏ពេញនិយម សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ក្នុងនោះក្រសួងទេសចរណ៍បានបញ្ជាក់ថា “ព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១១ ជុំទី៣ ឆ្នាំ២០២៤ នៅលើទឹកដីខេត្តកំពត បានប្រព្រឹត្តទៅប្រកបដោយ ភាពឱឡារិក, អធិកអធម, មានភាពរលូន, បានប្រព្រឹត្តទៅដោយសុខសុវត្ថិភាព, មានសណ្តាប់ធ្នាប់សាធារណៈល្អ, រក្សាបាននូវបរិស្ថានអនាម័យល្អ, ទទួលបានការគាំទ្រពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ, ព្រមទាំងទទួលបានភាព ជោគជ័យប្រកបដោយលទ្ធផលវិជ្ជមាន ដោយក្នុងរយៈពេល៣ ថ្ងៃនេះមានទេសចរជាតិ មកលេងកម្សាន្តសរុបចំនួន ៣៨៥,៥៥៣នាក់ កើនឡើង៤៤,៧% ទេសចរបរទេសចំនួន ៣,៦១៥នាក់ កើនឡើង ១០៧,៤% ធៀបនឹងពិធីបុណ្យសមុទ្រឆ្នាំ២០២៣”៕