ព័ត៌មានអន្តរជាតិ

រុស្ស៊ី៖ រថភ្លើងដឹកអ្នកដំណើរ បុកជាមួយរថភ្លើងដឹកទំនិញ បណ្តាលឱ្យស្លាប់២នាក់, របួស ២៧នាក់, មូលហេតុបឋម គឺដាច់ហ្វ្រាំង

RT News

បរទេស៖ មនុស្សពីរនាក់បានស្លាប់ និងយ៉ាងហោចណាស់ ២៧នាក់ផ្សេងទៀត រួមទាំងអនីតិជនបីនាក់ បានរងរបួស បន្ទាប់ពីរថភ្លើងដឹកអ្នកដំណើរ បានបុកជាមួយរថភ្លើងដឹកទំនិញ នៅក្នុងតំបន់ Murmansk នៃប្រទេសរុស្ស៊ីកាលពីថ្ងៃពុធ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា រថភ្លើងដឹកអ្នកដំណើរពីរជាន់ ដែលដឹកអ្នក ដំណើរ ចំនួន ៣២៦ នាក់ ធ្វើដំណើរពីទីក្រុង Murmansk ទៅកាន់ទីក្រុង St. Petersburg នៅពេល ដែលឧប្បត្តិហេតុ បានកើតឡើងនៅស្ថានីយ៍ Knyazhaya នៅម៉ោងប្រហែល ៤៖១៥នាទីរសៀល ម៉ោងក្នុងស្រុក (13:15 GMT) ។ ទូរថភ្លើងដឹកអ្នកដំណើរចំនួន៤ទូ គឺបានក្រឡាប់ធ្លាក់ផ្លូវ ។

អភិបាលខេត្តគឺលោក Andrey Chibis បានប្រកាសនៅលើប៉ុស្តិ៍ Telegram របស់លោកកាលពីព្រឹកថ្ងៃព្រហស្បតិ៍ថា ជនរងគ្រោះពីរនាក់បានស្លាប់បាត់បង់ជីវិត និងជាច្រើននាក់ទៀតស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ លោកធ្លាប់បានបញ្ជាក់ថា យ៉ាងហោចណាស់មនុស្ស ១៧នាក់ ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ និងកំពុងទទួលបានការថែទាំសុខភាពដ៏ល្អបំផុត។

យោងតាមទិន្នន័យបឋមដែលបានលើកឡើង ដោយប្រព័ន្ធផ្សព្វផ្សាយ បានបង្ហាញថា ការដាច់ហ្វ្រាំងលើរថភ្លើងដឹកទំនិញ បានបណ្តាលឱ្យវារអិលចុះពីកន្លែងខ្ពស់ ហើយក៏បានបុកជាមួយ រថភ្លើងដឹកអ្នកដំណើរ៕
ប្រែសម្រួលៈ ណៃ តុលា

To Top