ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បន្តយកចិត្តទុកដាក់យ៉ាងខ្លាំង លើការជំរុញទាក់ទាញវិនិយោគ ក្នុងវិស័យអាទិភាព ដើម្បីជំរុញការធ្វើពិពិធកម្មមូលដ្ឋាន ឧស្សាហកម្មនិងសេដ្ឋកិច្ចកម្ពុជា ព្រមទាំងបង្កើនឱកាសការងារជូនប្រជាពលរដ្ឋខ្មែរ។ នេះជាការលើកឡើងរបស់ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នាឱកាសអញ្ជើញជាអធិបតីដឹកកិច្ចប្រជុំការរៀបចំយុទ្ធសាស្ត្រជំរុញវិនិយោគរយៈពេល ៣ឆ្នាំ និងផែនការសកម្មភាព នៅថ្ងៃទី១៨ ធ្នូ កិច្ចប្រជុំនេះ មានការអញ្ជើញ ចូលរួមពី លោកស្រី Bridget Collier ឯកអគ្គរដ្ឋទូតរងអូស្រា្តលីប្រចាំកម្ពុជា និងសហការី, តំណាងកម្មវិធីភាពជាដៃគូកម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍ សេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញសរុបប្រមាណ ៤០រូប។
កិច្ចប្រជុំខាងលើនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងដើម្បីពិភាក្សា និងសម្រេចជ្រើសរើសវិស័យអាទិភាពចម្បង សម្រាប់ការរៀបចំយុទ្ធសាស្រ្តជំរុញវិនិយោគ ក្រោមជំនួយបច្ចេកទេសរបស់អូស្រ្តាលី តាមរយៈកម្មវិធី CAPRED។ យុទ្ធសាស្ត្រជំរុញវិនិយោគ នឹងដាក់ចេញសកម្មភាព ជាក់លាក់ដែលអាចអនុវត្តបាន ដោយផ្តោតជាចម្បង លើការកំណត់វិស័យអាទិភាព, ការគាំទ្រនិងកិច្ចសម្រួលដល់វិនិយោគិន, ព្រមទាំងការកំណត់គុណតម្លៃច្បាស់លាស់ក្នុងវិស័យអាទិភាព ដែលបានកំណត់ ដើម្បីជំរុញទាក់ទាញវិនិយោគ និងទាញយកជាអតិបរមានូវកាលានុវត្តភាព ពីនិន្នាការដែលបាននិងកំពុងលេចឡើង ទាំងក្នុងតំបន់ និងសកល។
ជាកិច្ចចាប់ផ្តើម លោកឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូ របស់ស្ថានទូតអូស្រា្តលី ព្រមទាំងបានបង្ហាញពីចំណាប់ អារម្មណ៍លើការសហការ រៀបចំយុទ្ធសាស្រ្តនេះជាមួយកម្មវិធី CAPRED ដោយហេតុថាឯកសារយុទ្ធសាស្ត្រនេះ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការគាំទ្រដល់បេសកកម្មជំរុញទាក់ទាញវិនិយោគ។
បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រី បានផ្ដល់នូវ អនុសាសន៍ ដល់កម្មវិធី CAPRED ឱ្យផ្តល់អាទិភាពស្វែងរកព័ត៌មាន អំពីក្រុមហ៊ុនសក្ដានុពល ដែលមានបំណងចង់ផ្លាស់ប្ដូរមូលដ្ឋាន ផលិតកម្មមកកាន់តំបន់អាស៊ាន, ព្រមទាំងសិក្សាស៊ីជម្រៅលើយុទ្ធសាស្រ្តគាំទ្រដល់វិស័យកសិ-ឧស្សាហកម្មកម្ពុជា, និងសាកល្បងសិក្សាសមិទ្ធិលទ្ធភាពក្នុងការកំណត់យកវិស័យភស្ដុភារកម្ម ជាវិស័យអាទិភាពមួយបន្ថែមទៀត សម្រាប់យុទ្ធសាស្ត្រជំរុញវិនិយោគរយៈពេល៣ឆ្នាំ។
លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអូស្រ្តាលី ដែលបាននិងកំពុងបន្តផ្ដល់នូវហិរញ្ញប្បទាន និងជំនួយបច្ចេកទេសនានា សម្រាប់កិច្ចអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា។
មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះដែរ លោកស្រីឯកអគ្គរដ្ឋទូតរង បានសម្តែងនូវសេចក្តីសោមនស្ស និងការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលអូស្រ្តាលី និងរាជរដ្ឋាភិបាលកម្ពុជាកន្លងមក ជាពិសេសកិច្ចសហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ លោកស្រីឯកអគ្គរដ្ឋទូតរង មានសង្ឃឹមយ៉ាងមុតមាំថា យុទ្ធសាស្រ្តវិនិយោគរយៈពេល៣ឆ្នាំ នឹងក្លាយឯកសារផ្ទៃក្នុងយ៉ាងសំខាន់សម្រាប់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អាចតម្រង់ទិសការទាក់ទាញវិនិយោគដែលមានគុណភាព និងតម្លៃបន្ថែមខ្ពស់សម្រាប់កម្ពុជា៕