ពោធិ៍សាត់ ÷ លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០២៤ បានអញ្ជើញ ទទួលថវិកាមនុស្សធម៌ ពីសប្បុរសជន ដែលបានឧបត្ថម្ភគាំទ្រ សម្រាប់ចូលរួមចំណែកកសាង អាគារសង្រ្គោះបន្ទាន់ចំនួន ១ ខ្នងកំពស់ ៥ ជាន់ក្នុងមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ទុកសម្រាប់បម្រើគុណប្រយោជន៍ ជូនពលរដ្ឋទូទៅក្នុងខេត្តសរុបចំនួន ១២,០០០ ដុល្លារសហរដ្ឋអាមេរិក ។
លោកខូយ រីដា អភិបាល ខេត្តពោធិ៍សាត់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះឧបាសកថ្លុង សេងហួង និង ឧបាសិកាទី សាវឿន ព្រមទាំងឧបាសិកាតាន់ ហាង ដែលបានចូលរួម ជួយឧបត្ថម្ភគាំទ្រជាថវិកាសរុបចំនួន ១២,០០០ ដុល្លារសហរដ្ឋអាមេរិក សម្រាប់បម្រើអោយការងារ សាងសង់អាគារសង្រ្គោះបន្ទាន់ ក្នុងបរិវេណនៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដែលគ្រោងនិងចាប់ដំណើរការ សាងសង់ក្នុងពេលដ៍ឆាប់ៗខាងមុខនេះ ។
លោកអភិបាលខេត្តក៍បានកោតសរសើរពីការខិតខំយកចិត្តទុក ដាក់អស់ពីកម្លាំងកាយចិត្តរបស់លោកខូយ ឌី ប្រធានមន្ទីរសុខាភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ក្នុងការគៀងគររកសប្បុរសជន ចូលរួមឧបត្ថម្ភគាំទ្រជាថវិកាដើម្បីសាងសង់អាគារសង្រ្គោះបន្ទាន់ ប្រកបទៅដោយស្មារតី មនសិការខ្ពស់ នៃការអភិវឌ្ឍន៍លើវិស័យសុខាភិបាល ក៍ដូចជាបម្រើអោយគុណប្រយោជន៍ ក្នុងការសម្រាកព្យាបាល របស់អ្នកជម្ងឺដែលត្រូវការអាគារនេះ ជាចាំបាច់។ជាមួយគ្នានោះ លោកអភិបាលខេត្តក៍សូមសន្យាថា នឹងប្រើប្រាស់ថវិកាទាំងអស់នេះអោយចំគោលដៅ និង មិនអោយខុសបំណងនោះឡើយ ហើយក៍សង្ឃឹមថា នឹង មានសប្បុរសជនដ៍ទៃៗទៀត នឹង បន្តចូលរួមឧបត្ថម្ភជាបន្តបន្ទាប់ទៀត ។
នៅក្នុងឱកាសនោះដែរ លោកខូយ រីដា ក៍បានប្រគល់ប័ណ្ណថ្លែងអំណរគុណ ជូនដល់សប្បុរសជន ដែលបានជួយឧបត្ថម្ភជាថវិកា ជូនដល់រដ្ឋបាលខេត្តពោធិ៍សាត់ សម្រាប់កសាងមន្ទីរពេទ្យបង្អែកខេត្ត និងសូមប្រសិទ្ធពរជ័យអោយទទួលបាននូវពុទ្ធពរទង ៤ ប្រការគឺ អាយុ វណ្ណះ សុខះ និង ពលះ កុំបីឃ្លៀងឃ្លាតឡើយ៕