ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំឆ្នាំ២០២៤ លើកិច្ចការងារយេនឌ័រក្នុងកងពលតូចដឹកជញ្ជូនលេខ៩៩ ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់ លោកស្រីឧត្តមសេនីយ៍ត្រី សរ ស្រី មេបញ្ជាការរង និងជាប្រធានយេនឌ័រ ព្រមទាំងមេបញ្ជាការរង នាយទាហាន នាយទាហានរង ។
លោកស្រីឧត្តមសេនីយ៍ត្រី សរ ស្រី បានមានប្រសាសន៍ថា ក្រុមការងារយោធិននារី កងពលតូចដឹកជញ្ជូនលេខ៩៩ ក្រោមការដឹកនាំរបស់ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពល បានខិតខំយកចិត្តទុក្ខដាក់ អនុវត្តសកម្មភាពជាច្រើន ដើម្បីចូលរួមចំណែកលើកកម្ពស់ការងារយេនឌ័រ និងអភិវឌ្ឍន៍ស្ត្រីក្នុងអង្គភាព ហើយក៏បានចូលរួមសហការជាមួយក្រុមការងារយេនឌ័រ នៅអគ្គនាយកដ្ឋានភស្តុភារ-ហិរញ្ញវត្ថុក្រសួងការពារជាតិ។
ក្នុងឳកាសនោះដែរ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានមានប្រសាសន៍ថា ក្រសួងការពារជាតិបានរៀបចំផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ ក្នុងកងយោធពលខេមរភូមិន្ទ ដើម្បីជំរុញ និងធានាឲ្យមានសមភាពយេនឌ័រ ធ្វើឲ្យមានការកែប្រែលើវិសមភាពយេនឌ័ររវាងនារី ធ្វើឲ្យមានការកែប្រែរវាងនារី និងបុរសក្នុងការអនុវត្តន៍ការងារ ការទទួលបានឋានន្តរស័ក្តិ តួនាទី ក្នុងការធ្វើសេចក្តីសម្រេចចិត្តផ្តល់លទ្ធភាព ដល់ការលើកកម្ពស់ស្ថានភាព និងសមត្ថភាពរបស់យោធិននារី ក្នុងការបំពេញការងារស្នូល នៅក្នុងអង្គភាពដើម្បីឆ្លើយតបសមភាព និងសមធម៌យេនឌ័រ ដើម្បីបង្កើនឲ្យមានការចូលរួមកាន់តែប្រសើរថែមទៀត រវាងនារី និងបុរសក្នុងកងយោធពលខេមរភូមិន្ទ។
ឧត្តមសេនីយ៍ទោ មេបញ្ជាការ បានមានប្រសាសន៍បន្តទៀតថា ដោយមានការគិតគូពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារជាតិ ស្ថានភាពយេនឌ័រនៅក្នុងកងពលតូចដឹកជញ្ជូនលេខ៩៩ កាន់តែមានភាពល្អប្រសើរឡើង យោធិននារី ត្រូវបានផ្តល់ឱកាសចូលរួមគ្រប់សកម្មភាពទាំងការងារហ្វឹកហ្វឺន រៀនសូត្រ សិក្ខាសាលា សកម្មភាពនានា និងត្រូវបានផ្តល់ឱកាសទទួលបានការតម្លើងឋានន្តរស័ក្តិ តួនារី តាមសមត្ថភាព ចំណេះដឹង និងជំនាញ ទទួលបានការលើកទឹកចិត្ត ព្រមទាំងមានសិទ្ធិស្មើគ្នាក្នុងការធ្វើសេចក្តីសម្រេចតាមតួនាទីដូចបុរសដែរ៕