ប៉េកាំង ៖ បេសកជនរបស់អង្គការសហប្រជាជាតិចិនបានឲ្យដឹង នៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា ដោយសារស្ថានភាពនៅលើឧបទ្វីបកូរ៉េកាន់តែមានភាពរសើប និងស្មុគ្រស្មាញជាមួយនឹងគន្លងអនាគត ដែលមិនស្ថិតស្ថេរ និង មិនច្បាស់លាស់ សហគមន៍អន្តរជាតិ គួរតែធ្វើការរួមគ្នា ដើម្បីលើកកម្ពស់ដំណើរ ការដំណោះស្រាយនយោបាយនៃបញ្ហានៅឧបទ្វីបនេះ ។
លោក Geng Shuang តំណាងអចិន្ត្រៃយ៍រងរបស់ប្រទេសចិន ប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិថា “ការរក្សាសន្តិភាព និងការទប់ស្កាត់សង្គ្រាម និងភាពវឹកវរនៅឧបទ្វីបកូរ៉េ បម្រើផលប្រយោជន៍រួមរបស់ភាគីទាំងអស់ និងស្របតាមការរំពឹង ទុករួមរបស់សហគមន៍អន្តរជាតិ” ។
លោកបានជំរុញឱ្យគ្រប់ភាគីរក្សាភាពស្ងប់ស្ងាត់ និងអនុវត្តការអត់ធ្មត់ ហើយចៀសវាងពាក្យសម្តី ឬទង្វើណាដែលអាចធ្វើឱ្យជម្លោះ និងភាពតានតឹងកាន់តែខ្លាំងឡើង ។ លោកបានបន្ថែមថា “ប្រទេសជាក់លាក់មួយ គួរតែបោះបង់ចោលទេវកថា នៃការដាក់ទណ្ឌកម្ម និងសម្ពាធ ដោយចាត់វិធានការជាក់ស្តែង ដើម្បីបង្ហាញពីសុច្ឆន្ទៈ និងភាពស្មោះត្រង់ពិតប្រាកដ សម្រាប់ការសន្ទនា” ។
ដោយសង្កត់ធ្ងន់លើសារៈសំខាន់ នៃការបង្កើតបរិយាកាសដែលអំណោយផលដល់ការសន្ទនា លោក Geng បានអំពាវនាវឱ្យភាគីពាក់ព័ន្ធមានភាពសមហេតុផល និងជាក់ស្តែង ចាប់ផ្តើមទំនាក់ទំនងឡើងវិញ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីកសាងទំនុកចិត្តគ្នាទៅវិញទៅមក និងចាប់ផ្តើមការសន្ទនាឡើងវិញ ហើយធ្វើការរួមគ្នា ដើម្បីបំបែកភាពជាប់គាំងបច្ចុប្បន្ន។
លោកនបន្ថែមថា ក្នុងនាមជាបុព្វហេតុ នៃសង្រ្គាមត្រជាក់ បញ្ហាឧបទ្វីបកូរ៉េត្រូវបាន ចាក់ឫស ចេញពីការបរាជ័យដែលមានស្រាប់ជាយូរ មកហើយក្នុងការសម្រេចបានការផ្លាស់ប្តូរ ពីបទឈប់បាញ់ទៅជាយន្តការសន្តិភាព និងការខ្វះការជឿទុកចិត្តយ៉ាងធ្ងន់ធ្ងរ រវាងភាគីនានា ជាពិសេសរវាងសហរដ្ឋអាមេរិក និងប្រទេសកូរ៉េទាំងពីរ៕
ប្រែសម្រូល ឈូក បូរ៉ា