បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃព្រហស្បតិ៍ បានច្រានចោល ការយល់ឃើញដែលថា ការទម្លាក់ប្រធានាធិបតីស៊ីរី លោក បាសា អាល់ អាសាដ គឺតំណាងឱ្យការបរាជ័យ សម្រាប់រុស្ស៊ី។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា លោក ពូទីន បាននិយាយនៅ ក្នុងសន្និសីទសារព័ត៌មាន ប្រចាំឆ្នាំថា រុស្ស៊ីបាន “សម្រេចបាននូវគោលដៅរបស់យើង” នៅក្នុងប្រទេសស៊ីរី ជាទីដែលខ្លួនប្រញាប់ ប្រញាល់ផ្តល់ការគាំទ្រ ផ្នែកយោធាដោយផ្ទាល់ ដល់រដ្ឋាភិបាលរបស់លោក អាសាដ កាលពីជាងប្រាំបួនឆ្នាំមុន ដើម្បីជួយរុញច្រាន ពួកឧទ្ទាម។
កងកម្លាំងរុស្ស៊ីបានធ្វើប្រតិបត្តិការ ចេញពីបណ្តាញមូលដ្ឋាន នៅក្នុងប្រទេសស៊ីរី ដើម្បីធ្វើការវាយប្រហារ តាមអាកាសដែលជួយ ឱ្យយោធារបស់លោក អាសាដ ទទួលបានអត្ថប្រយោជន៍នៅក្នុងសង្គ្រាមស៊ីវិល។
បន្ទាប់ពីក្រុមឧទ្ទាមបានធ្វើឱ្យមានការភ្ញាក់ផ្អើល ដែលបានផ្តួលរំលំរដ្ឋាភិបាល របស់លោក អាសាដ នៅដើមខែនេះ លោក អាសាដ បានភៀសខ្លួន ទៅប្រទេសរុស្ស៊ី ។
លោក ពូទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកមិនទាន់ បានជួបជាមួយលោក អាសាដ នៅឡើយទេ ប៉ុន្តែមានគម្រោងធ្វើដូច្នេះ ។ ក្នុងចំណោមប្រធានបទ ដែលលោកពូទីនបាននិយាយថា លោកនឹងពិភាក្សាគឺ កន្លែងលាក់ខ្លួនរបស់អ្នកកាសែតអាមេរិក Austin Tice ដែលបានបាត់ខ្លួនពេលកំពុងរាយការណ៍ នៅប្រទេសស៊ីរីក្នុងឆ្នាំ ២០១២ផងដែរ ។
លោក ពូទីន ក៏បាននិយាយថា លោកអាចសួរអ្នក ដែលកំពុងគ្រប់គ្រង នៅក្នុងប្រទេសស៊ីរីអំពី Tice ៕