បរទេស៖ កងទ័ពជើងទឹកអាមេរិក បានបាញ់ទម្លាក់យន្តហោះចម្បាំង F/A-18 របស់ខ្លួនដោយអចេតនានៅក្នុងឧប្បត្តិហេតុ បាញ់ប្រហារគ្នានៅសមុទ្រក្រហម។ មន្ទីរបញ្ចកោណបានប្រកាសភ្លាមៗ បន្ទាប់ពីបានចេញសេចក្តីប្រកាសព័ត៌មាន អំពីការវាយឆ្មក់ដោយជោគជ័យមួយផ្សេងទៀត ប្រឆាំងនឹងគោលដៅរបស់ក្រុមឧទ្ទាម ហួធី នៅក្នុងប្រទេសយេម៉ែន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា បញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) បានបញ្ជាក់កាលពីព្រឹកថ្ងៃអាទិត្យថា យន្តហោះ F/A-18 ត្រូវបានបាញ់ទម្លាក់ដោយនាវាដឹកយន្តហោះចម្បាំង USS Gettysburg បន្ទាប់ពីហោះចេញពីនាវាផ្ទុកយន្តហោះ USS Harry S. Truman ។ អាកាសយានិកកងទ័ពជើងទឹកទាំងពីរនាក់ គឺអាចចេញពីយន្តហោះចម្បាំង ហើយត្រូវបានសង្គ្រោះដោយសុវត្ថិភាព ទោះបីជាមានម្នាក់រងរបួសស្រាលក៏ដោយ។
ឧបទ្ទវហេតុនេះបានកើតឡើង នៅពេលដែលយន្តហោះអាមេរិក និងអង់គ្លេសបានធ្វើការវាយឆ្មក់ ទម្លាក់គ្រាប់បែកថ្មី សំដៅលើទីតាំងផ្ទុកមីស៊ីល និងកន្លែងបញ្ជាការនៅក្នុងទីក្រុង Sanaa ដើម្បីបង្អាក់ និងបង្ខូចប្រតិបត្តិការរបស់ក្រុមឧទ្ទាម ហួធី។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ CENTCOM ចេញផ្សាយនៅយប់ថ្ងៃសៅរ៍ ៕
ប្រែសម្រួលៈ ណៃ តុលា