បរទេស៖ អគ្គសេនាធិការ ចម្រុះរបស់កូរ៉េខាងត្បូង (JCS) បាននិយាយ នៅថ្ងៃចន្ទថា មានការចង្អុលបង្ហាញថា កូរ៉េខាងជើងកំពុងរៀប ចំបញ្ជូនទាហាន និង អាវុធបន្ថែមទៀត ដើម្បីគាំទ្រដល់កិច្ចប្រឹង ប្រែងធ្វើសង្គ្រាម របស់រុស្ស៊ីនៅអ៊ុយក្រែន។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា អគ្គសេនាធិការចម្រុះ របស់កូរ៉េខាងត្បូង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អាវុធបន្ថែមដែលត្រៀមរួចជាស្រេច រួមមានយន្តហោះគ្មានមនុស្សបើកអត្តឃាត ហើយកូរ៉េខាងជើងបានបញ្ជូនរួចហើយនូវគ្រាប់រ៉ុក្កែតទំហំ ២៤០ មីលីម៉ែត្រ និងកាំភ្លើងធំបាញ់ពីលើស្មាទំហំ ១៧០ មីលីម៉ែត្រទៅប្រទេសរុស្ស៊ី។
បើយោងតាមអាមេរិក កូរ៉េខាងត្បូង និងអ៊ុយក្រែន គឺកូរ៉េខាងជើង ក៏បានបញ្ជូនទាហានប្រហែល ១២.០០០នាក់ រួចទៅហើយទៅកាន់ប្រទេសរុស្ស៊ី។ JCS បាននិយាយនៅថ្ងៃចន្ទថា យ៉ាងហោចណាស់ ទាហានកូរ៉េខាងជើង ១.១០០ នាក់ត្រូវបានសម្លាប់ ឬរងរបួស។
យោធាអ៊ុយក្រែនក៏បាននិយាយនៅថ្ងៃចន្ទថា ខ្លួនបានបាញ់ ទម្លាក់យន្តហោះ គ្មានមនុស្សបើកចំនួន ៤៧ គ្រឿង ដែលកងកម្លាំងរុស្ស៊ីបានបើក ក្នុងការវាយប្រហារមួយយប់សំដៅ លើតំបន់ជាច្រើននៃប្រទេស។ កងទ័ពអាកាសអ៊ុយក្រែន បាននិយាយថា រុស្ស៊ីបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើកសរុបចំនួន ៧២ គ្រឿងក្នុងការវាយលុក តាមអាកាសប្រចាំថ្ងៃចុង ក្រោយបង្អស់របស់ខ្លួន។
យោធាបាននិយាយថា ការការពារដែន អាកាសរបស់អ៊ុយក្រែន បានបាញ់ទម្លាក់យន្តហោះគ្មាន មនុស្សបើកនៅលើតំបន់ Cherkasy, Chernihiv, Kharkiv, Khmelnytskyi, Kyiv, Odesa, Poltava, Sumy និង Zhytomyr ។ អភិបាល Khmelnytskyi លោក Serhii Tiurin បាននិយាយ នៅលើ Telegram ថា ការវាយប្រហារ ដោយយន្តហោះ គ្មានមនុស្សបើកបានធ្វើឱ្យខូចខាតដល់អាជីវកម្មមួយ និងផ្ទះសម្បែងមួយចំនួន ខណៈដែលមនុស្សម្នាក់បានរងរបួស៕
ប្រែសម្រួលៈ ណៃ តុលា