ព័ត៌មានអន្តរជាតិ

វិមានក្រឹមឡាំង អះអាងថា ប្រទេសជាច្រើន ស្នើធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូល រវាងលោក ពូទីន និងលោក ត្រាំ

Xinhua

ម៉ូស្គូ៖ វិមានក្រឹមឡាំងបានឲ្យដឹងថា ប្រទេសជាច្រើន បានស្នើធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំកិច្ចប្រជុំកំពូល ដ៏មានសក្តានុពលមួយ រវាងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតី ជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

ជំនួយការវិមានក្រឹមឡាំងលោក Ushakov បានប្រាប់អ្នកយកព័ត៌មានថា “យើងបានទទួលការផ្តល់ ជូនជាច្រើនរួចមកហើយ ពីប្រទេសផ្សេងៗលើបញ្ហានេះ” ដោយបន្ថែមថាទីក្រុងម៉ូស្គូ នឹងមិនបញ្ជាក់ពីអ្វី ដែលប្រទេសនានាបានផ្តល់ជូន ដើម្បីធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ ដែលមានសក្តានុពល ដើម្បីជៀសវាងឥទ្ធិពល លើការអភិវឌ្ឍន៍នាពេលអនាគត។

លោកបានបញ្ជាក់ថា “ការផ្តល់ជូនបែបនេះត្រូវបានគេធ្វើហើយ”។ ក្នុងអំឡុងពេលសុន្ទរកថានៅទីក្រុង Phoenix នៃរដ្ឋ Arizona របស់សហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យ លោក ដូណាល់ ត្រាំ បានលើកឡើងថា មេដឹកនាំរុស្ស៊ីបានបញ្ជូនថា គាត់ចង់ជួបជាមួយលោក ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ លោក ត្រាំ ក៏បាននិយាយដែរថា វាចាំបាច់ ដើម្បីបញ្ចប់សង្គ្រាមដែលកំពុងបន្តនៅអ៊ុយក្រេន។

គួរបញ្ជាក់ថា លោក ពូទីន បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនថា លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួបជាមួយប្រធានាធិបតីអាមេរិក ដែលទើបជាប់ឆ្នោតនៅពេលណាក៏បាន ដោយកត់សម្គាល់ថា នឹងមានបញ្ហាជាច្រើន ដែលមេដឹកនាំទាំងពីរអាចពិភាក្សាបាន ៕
ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top