បរទេស៖ តុលាការក្រុងមូស្គូ បានកាត់ទោសជនជាតិអាមេរិកឈ្មោះ Eugene ‘Gene’ Spector ឱ្យជាប់គុក ១៥ ឆ្នាំ បន្ទាប់ពីរកឃើញថា ជនជាតិអាមេរិករូបនេះមានទោសពីបទចារកម្ម។ ចៅក្រមបានសម្រេចក្នុងសវនាការកាលពីថ្ងៃចន្ទ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា Spector ដែលជាអតីតប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Medpolymerprom Group របស់រុស្ស៊ី ដែលផ្គត់ផ្គង់សម្ភារៈពេទ្យដែលអាចបោះចោល ក៏ត្រូវបានពិន័យជាប្រាក់ចំនួន ១៤ លាន rubles (ប្រហែល ១៤០.០០០ដុល្លារ) ផងដែរ។
ចុងចោទត្រូវបានផ្តន្ទាទោស រួមជាមួយនឹងការកាត់ទោស ពីមុនរបស់គាត់សម្រាប់ការដើរតួជាអន្តរការី នៅក្នុងសំណុំរឿងសូកប៉ាន់ដែលពាក់ព័ន្ធនឹង ជំនួយការរបស់អតីតឧបនាយករដ្ឋមន្ត្រីរុស្ស៊ី Arkady Dvorkovich ។
ការកាត់ក្តីនៅក្នុងតុលាការទីក្រុងមូស្គូ ត្រូវបានធ្វើឡើងដោយបិទទ្វារដោយសារតែ សម្ភារៈនៃសំណុំរឿងត្រូវបានចាត់ថ្នាក់។ ការកាត់ទោសមិនទាន់ចូលជាធរមានទេ មានន័យថា មេធាវីការពារក្តីរបស់ Spector អាចប្តឹងតវ៉ាចំពោះសេចក្តីសម្រេចនេះ។
នៅឆ្នាំ ២០២២ ពលរដ្ឋអាមេរិកដើមកំណើតរុស្ស៊ី ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ៥ខែ សម្រាប់ការផ្តល់ជំនួយរបស់ Dvorkovich គឺ Anastasiya Alekseyeva ជាមួយនឹងប័ណ្ណធ្វើដំណើរ ដោយឥតគិតថ្លៃរវាងឆ្នាំ ២០១៥ និង ២០១៦ ដើម្បីឱ្យលោកស្រីផ្សព្វផ្សាយផលិតផល របស់ក្រុមហ៊ុនឱសថមួយចំនួន។
តុលាការបានបង្គាប់ឱ្យចាប់ខ្លួន Spector ពីបទសង្ស័យពីបទចារកម្មកាលពីខែសីហាឆ្នាំមុន។ ព័ត៌មានលម្អិតនៃសំណុំរឿងប្រឆាំងនឹងបុរសវ័យ ៥១ឆ្នាំរូបនេះមិនត្រូវបានបង្ហាញជាសាធារណៈទេ ៕
ប្រែសម្រួលៈ ណៃ តុលា