ព័ត៌មានអន្តរជាតិ

លោក ហ្សេឡិនស្គី អះអាងថា ទាហានកូរ៉េខាងជើងជាង ៣០០០នាក់បានស្លាប់ និងរបួសនៅតំបន់ជម្លោះជួរមុខ

Yonhap News

សេអ៊ូល៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា ទាហានកូរ៉េខាងជើងជាង 3,000 នាក់ត្រូវបានសម្លាប់ ឬរងរបួសនៅក្នុងតំបន់ជម្លោះជួរមុខ ភាគខាងលិចនៃទីក្រុង Kursk របស់ប្រទេសរុស្ស៊ី ដោយបានបង្កើនការព្រួយបារម្ភអំពី សក្តានុពលនៃការដាក់ពង្រាយកងទ័ពកូរ៉េខាងជើង និងឧបករណ៍បន្ថែមទៅកាន់ប្រទេសរុស្សី។

លោក ហ្សេឡិនស្គី បានបង្ហាញតួលេខកាលពីថ្ងៃច័ន្ទ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ដែលជាចំនួនលើសពីការប៉ាន់ស្មានរបស់ កូរ៉េខាងត្បូងដែលមានជនរងគ្រោះកូរ៉េខាងជើងប្រហែល ១,១០០ នាក់ រួមទាំងយ៉ាងហោចណាស់ ១០០នាក់បានស្លាប់ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានយុនហាប់។

លោកបានលើកឡើងថា “យោងតាមទិន្នន័យបឋម ចំនួនទាហានកូរ៉េខាងជើងដែលបានសម្លាប់ និងរងរបួសនៅក្នុងតំបន់ Kursk មានលើសពី 3,000 នាក់ហើយ” ដោយដកស្រង់របាយការណ៍ ដែលលោកទទួលបានពីមេបញ្ជាការយោធា កំពូលរបស់អ៊ុយក្រែនលោក Oleksandr Syrskyi ។ លោកបានបន្ថែមថា មានហានិភ័យដែលកូរ៉េខាងជើងបញ្ជូនទាហាន និងឧបករណ៍យោធាបន្ថែមទៀត ទៅកាន់យោធារុស្ស៊ី ដោយព្រមានពីការឆ្លើយតប “ជាក់ស្តែង” នៅក្នុងព្រឹត្តិការណ៍នៃសកម្មភាពបែបនេះ។

លោកបានបញ្ជាក់ថា “វាមានសារៈសំខាន់ សម្រាប់ពិភពលោកក្នុងការយល់ថា ហានិភ័យនៃអស្ថិរភាពនៅជុំវិញឧបទ្វីបកូរ៉េ និងនៅក្នុងតំបន់ជិតខាង ឬដែនទឹកកើនឡើងសមាមាត្រ ជាមួយនឹងកិច្ចសហប្រតិបត្តិការ ដែលកំពុងកើនឡើងរវាងទីក្រុងម៉ូស្គូ និងទីក្រុងព្យុងយ៉ាង” ។ កាលពីថ្ងៃចន្ទ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងជើង ហាក់ដូចជាកំពុងរៀបចំដើម្បីដាក់ពង្រាយកងទ័ព និងឧបករណ៍យោធាបន្ថែមទៀតទៅកាន់ប្រទេសរុស្ស៊ី ដែលអាចរួមបញ្ចូលទាំងយន្តហោះដ្រូនអត្តឃាត៕

ប្រែសម្រួល ឈូក បូរ៉ា

To Top