វ៉ាស៊ីនតោន៖ អគ្គសេនាធិការរងរបស់លោក គឺលោក Angel Urena បានលើកឡើងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X កាលពីថ្ងៃចន្ទថា កាលពីថ្ងៃចន្ទ លោក Bill Clinton អតីតប្រធានាធិបតីសហរដ្ឋអាមេរិក ត្រូវបានបញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យក្នុងទីក្រុង Washington DC បន្ទាប់ពីមានអាការ់គ្រុនក្តៅខ្លាំង ។
លោក Urena បានបញ្ជាក់ថា “លោកប្រធានាធិបតី Clinton ត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌល វេជ្ជសាស្ត្រសាកលវិទ្យាល័យ Georgetown នៅរសៀលថ្ងៃនេះ ដើម្បីធ្វើតេស្ត និងធ្វើការសង្កេតមើលពីសុខភាព បន្ទាប់ពីមានអាការៈគ្រុនក្តៅខ្លាំង” ។
លោក Urena បានបន្តឲ្យដឹងថា “គាត់នៅតែមានស្មារតីល្អ និងសូមកោតសរសើរបំផុតចំពោះ ការថែទាំដ៏ល្អដែលគាត់កំពុងទទួលបាន” ។
គិតចាប់តាំងពីចាកចេញពីមុខតំណែងមក លោក Clinton បានប្រឈមមុខនឹងបញ្ហាសុខភាពជាច្រើនឆ្នាំមកហើយ ។ នៅក្នុងឆ្នាំ២០០៤ គាត់បានទទួលការវះកាត់បេះដូងនៅមន្ទីរពេទ្យ New York-Presbyterian ។ នៅក្នុងឆ្នាំ២០១០ គាត់បានត្រលប់ទៅកាន់មន្ទីរពេទ្យដដែល សម្រាប់ការវះកាត់បេះដូងជាថ្មីម្តងទៀត ហើយនៅឆ្នាំ២០២១ គាត់បានសម្រាកនៅមន្ទីរពេទ្យ នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ UCLA នៅរដ្ឋកាលីហ្វ័រនីញ៉ារយៈពេល៦ថ្ងៃ ដោយសារការឆ្លងមេរោគលើប្រព័ន្ធទឹកនោម ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា