ព័ត៌មានអន្តរជាតិ

អាមេរិកដាក់ពង្រាយឆ្មាំជាតិ ៤០០នាក់ ដើម្បីជួយដោះស្រាយ ជាមួយភ្លើងឆេះព្រៃ នៅរដ្ឋកាលីហ្វ័រញ៉ា

បរទេស ៖ ទាហានឆ្មាំជាតិកាលីហ្វ័រញ៉ាចំនួន ៤០០ នាក់ត្រូវបានដាក់ពង្រាយ ទៅកាន់តំបន់ ដែលរងផលប៉ះពាល់ ដោយភ្លើងឆេះព្រៃក្នុងទីក្រុង ឡូសអេន ជឺលេស ដើម្បីជួយដល់កងកម្លាំងក្នុងតំបន់។

យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា “ក្រសួង តម្រួត County Los Angeles បានស្នើសុំឆ្មាំជាតិរដ្ឋកាលីហ្វ័រញ៉ា ឱ្យជួយក្នុងការប្រយុទ្ធនឹងភ្លើងឆេះព្រៃ។ ក្នុងរយៈពេលជាង ២៤ ម៉ោងកន្លងមកនេះ សមាជិកឆ្មាំប្រហែល ៤០០ នាក់នៅទូទាំងរដ្ឋត្រូវបានដាក់ឱ្យបំពេញកាតព្វកិច្ចសកម្ម” ។ នេះបើតាមលោក Robert Luna តម្រួតតំបន់ Los Angeles County បាន​ប្រកាស​នៅ​ថ្ងៃ​ទី ៩ ខែ​មករា។

លោក Luna បាននិយាយថា អភិបាលរដ្ឋកាលីហ្វ័រញ៉ា Gavin Newsom បានយល់ព្រមលើសំណើនេះ។ តម្រួត Los Angeles County បាននិយាយថា “យើងរំពឹងថា អង្គភាពឆ្មាំជាតិនឹងមានវត្តមាននៅយប់នេះ” ដោយព្រមានថា ប៉ូលីសកំពុងល្បាតតំបន់ក្រោមការបញ្ជាជម្លៀស ហើយនឹងចាប់ខ្លួនជនណាដែលមិនមានការងារនៅទីនោះ។

ភ្លើងឆេះព្រៃបាននឹងកំពុងឆេះនៅតំបន់ប៉ាស៊ីហ្វិក Palisades តំបន់ Eaton និងតំបន់ Hurst នៃទីក្រុង ឡូសអេន ជឺលេស ចាប់តាំងពីថ្ងៃទី៧ ខែមករាមក ។ អ្នកពន្លត់អគ្គីភ័យបាននិយាយថា ការរីករាលដាលបានថយចុះ ប៉ុន្តែគ្មានភ្លើងទំហំធំណាមួយ ស្ថិតនៅក្រោមការគ្រប់គ្រងនោះទេ។

មន្ត្រី​មូលដ្ឋាន និង​អ្នក​ឧតុនិយម​ព្រមាន​ថា អាកាសធាតុ​រាំងស្ងួត និង​ខ្យល់​បោកបក់មិន​ទាន់​ចប់​នៅ​ឡើយ​ទេ។ អភិបាលក្រុង Los Angeles លោក Karen Bass បាននិយាយថា “ខ្យល់នៅតែបក់ បោកយ៉ាងខ្លាំង ។ នេះគឺជាព្យុះភ្លើង ដែលមិនធ្លាប់មាន ពីមុនមក” ៕
ប្រែសម្រួលៈ ណៃ តុលា

To Top