ភ្នំពេញ ៖ អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រីអេង ហ៊ី បានឲ្យដឹងថា កងកម្លាំងរាជអាវុធហត្ថ បាននិងកំពុងធ្វើការ ស្រាវជ្រាវ រកមុខកញ្ញារូបស្រស់ម្នាក់ ដែលជាអ្នករកស៊ីអនឡាញជិះរថយន្តស៊េរីទំនើប ហើយអមដោយរថយន្តបំពាក់ផ្លាក លេខខេមរភូមិន្ទ(ខ.ម) និងបើកភ្លើងសារ៉ែនបើកនាំផ្លូវទៅស៊ីការគេកាលពីពេលថ្មីៗនេះហើយ ខណៈលោកអះអាងថា ផ្លាកលេខរថយន្តនេះក៏ពុំមាននៅក្នុងអង្គភាព កងរាជអាវុធហត្ថទេ ។
ដោយសារក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ករណីនារីស្អាតជាអ្នកលក់អនឡាញបានជិះរថយន្តទំនើប ដោយមានរថយន្តផ្សេងបំពាក់ផ្លាកលេខខេមរភូមិន្ទ និងបើកភ្លើងសារ៉ែននាំផ្លូវទៅស៊ីការគេចែកចាយពេញបណ្តាញសង្គមហ្វេសប៊ុក ហើយមានការផ្ទុះការរិះគន់ផងនោះ លោកឧត្តមសេនីយ៍ត្រីអេង ហ៊ី បានមានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ១០ មករា ថា កងកម្លាំងរាជអាវុធបានចុះស្រាវជ្រាវហើយ ។ ជាមួយគ្នានេះ លោកក៏បានបកស្រាយអំពីផ្លាកលេខរថយន្តរបស់កងខេមរភូមិន្ទមានលេខសម្គាល់របស់ខ្លួនទៅតាមបណ្តាអង្គភាពនីមួយៗដែរ ។
លោកពន្យល់ថា ផ្លាកលេខខេមរភូមិន្ទនេះ គឺមាន ខ.ម០១ ខ.ម០២ និងលេខរៀងជាបន្តបន្ទាប់ទៅ។ ក្នុងនោះសម្រាប់កងរាជអាវុធគឺ ខ.ម០៩ ។
លោកថា ជាជំហានដំបូងសម្រាប់ករណីនេះ បើតាមឆែកឆេរ នៅក្នុងអង្គភាពនីមួយៗ គឺអត់មានផ្លាកលេខឡាន ដូចបំពាក់លើក្បួន រថយន្តរបស់ស្រ្តីលក់អនឡាញនេះទេ ប៉ុន្តែទោះបីជាយ៉ាងណាអ្នកជំនាញរបស់កងរាជអាវុធនៅតែបន្តស្រាវជ្រាវ ។
លោកឧត្តមសេនីយ៍ត្រីអេង ហ៊ីក៏បញ្ជាក់ដែរចំពោះការគ្រប់គ្រងផ្លាកលេខខ.មនេះ គឺជាសមត្ថកិច្ចរបស់ក្រសួងការពាជាតិ ។
លោកឧត្តមសេនីយ៍ត្រីអេង ហ៊ី គូសបញ្ជាក់ថា “ចំពោះពាក់ព័ន្ធនឹងឡានពាក់ផ្លាកលេខខ.ម ហើយសារ៉ែន កម្លាំងកងរាជអាវុធយើង ក៏ធ្វើការឆែកឆេរត្រួតពិនិត្យនៅក្នុងអង្គភាពរបស់អាវុធហត្ថគឺអត់មានទេ ផ្លាកលេខហ្នឹង ហើយកងរាជអាវុធហត្ថកំពុងតែធ្វើការងារបន្ត” ។
សូមបញ្ជាក់ថា សម្តេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា កម្ពុជាធ្លាប់បានអះអាងនាពេលកន្លងមកថា ឥស្សរជនជាន់ខ្ពស់ដែលមានសិទ្ធិប្រើប្រាស់រថយន្តបើកភ្លើងសារ៉ែននេះ គឺមានតែព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្រ្តី ៕