បរទេស ៖ ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក បានប្រកាសនៅថ្ងៃសុក្រថា សហរដ្ឋអាមេរិក បានដំឡើងរង្វាន់របស់ខ្លួន សម្រាប់ព័ត៌មាន ដែលនាំទៅដល់ការចាប់ខ្លួន ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro ដល់ ២៥ លានដុល្លារ ពោល គឺកើនឡើងពី ១៥ លានដុល្លារ ដែលផ្តល់ជូនក្នុងឆ្នាំ ២០២០ ។ វិធានការនេះកើតឡើងជាផ្នែក នៃវិធានការទូលំទូលាយ រួមទាំងការដាក់ទណ្ឌកម្ម និង ការរឹតបន្តឹងការធ្វើដំណើរ សំដៅលើមន្ត្រីពាក់ព័ន្ធជា មួយរដ្ឋាភិបាលវេណេស៊ុយអេឡា។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ទីក្រុងវ៉ាស៊ីនតោនបានបដិសេធមិនទទួលស្គាល់លោក Maduro ជាអ្នកឈ្នះការបោះឆ្នោតប្រធានាធិបតី ខែកក្កដា ឆ្នាំ២០២៤នោះទេ ដោយបានហៅការបោះឆ្នោតនេះថាមិនសមហេតុផល និងមិនមានលទ្ធិប្រជាធិបតេយ្យ ។ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានអះអាងកាលពីខែសីហាឆ្នាំមុនថា សហរដ្ឋអាមេរិកមាន “ភស្តុតាងដ៏លើសលប់” ដែលបង្ហាញថាបេក្ខជនប្រឆាំងគឺលោក Edmundo Gonzalez គឺជាអ្នកឈ្នះពិតប្រាកដនៃការបោះឆ្នោតនោះ។
កាលពីថ្ងៃសុក្រ ដែលជាថ្ងៃចូលកាន់តំណែងរបស់លោក Maduro ក្រសួងហិរញ្ញវត្ថុអាមេរិក ក៏បានចោទរដ្ឋាភិបាលវេណេស៊ុយអេឡាពីការគាបសង្កត់ និងវិទ្ធង្សនាលទ្ធិប្រជាធិបតេយ្យ ។
បន្ថែមពីលើការបង្កើន ប្រាក់រង្វាន់លើការចាប់ខ្លួនលោក Maduro នេះ សហរដ្ឋអាមេរិកបានប្រកាសផ្តល់រង្វាន់ ២៥ លានដុល្លារទៀត សម្រាប់ព័ត៌មាន ដែលនាំទៅដល់ការចាប់ខ្លួន រដ្ឋមន្ត្រីមហាផ្ទៃ វេណេស៊ុយអេឡា Diosdado Cabello និងរង្វាន់ ១៥ លានដុល្លារ សម្រាប់រដ្ឋមន្ត្រីការពារជាតិ វេណេស៊ុយអេឡាលោក Vladimir Padrino Lopez ។ ក្រសួងហិរញ្ញវត្ថុអាមេរិក ក៏បានចោទអ្មកទាំងនោះថា បានដើរតួនាទីនៅក្នុង “ការគាបសង្កត់ និងការរំលោភសិទ្ធិមនុស្ស” ។
មន្ត្រីវេណេស៊ុយអេឡាផ្សេងទៀត រួមទាំងប្រធានក្រុមហ៊ុន ប្រេងរបស់រដ្ឋ PDVSA និងរដ្ឋមន្ត្រីដឹកជញ្ជូន ព្រមទាំងមន្ត្រីយោធា និងប៉ូលិសជាន់ខ្ពស់ មួយចំនួនទៀត ក៏ត្រូវបានដាក់ទណ្ឌកម្មផងដែរ ៕
ប្រែសម្រួលៈ ណៃ តុលា