ព័ត៌មានជាតិ

រាជរដ្ឋាភិបាល ស្វាគមន៍ និងត្រៀមខ្លួនដោះស្រាយបញ្ហា និងកង្វល់របស់វិនិយោគគិនជប៉ុន នៅកម្ពុជា

ភ្នំពេញ ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី ប្រចាំការរដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ស្វាគមន៍ និងត្រៀមខ្លួនដោះស្រាយបញ្ហា និងកង្វល់របស់វិនិយោគគិនជប៉ុននៅកម្ពុជា ជាក់ស្តែង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាននិងកំពុងគិតគូរពិនិត្យលទ្ធភាពបង្កើត តំបន់សេដ្ឋកិច្ចពិសេសសម្រាប់ជប៉ុន ។

នាឱកាសអញ្ជើញទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូប្រទេសជប៉ុន ដឹកនាំដោយលោក Katsunobu Kato រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់បន្ថែមថា ប្រទេសជប៉ុន គឺជាដៃគូអភិវឌ្ឍន៍ទ្វេភាគីដ៏សំខាន់លំដាប់ទី២ ក្នុងក្របខ័ណ្ឌឥណទានសម្បទានទ្វេភាគី ហើយកាលពី១០ឆ្នាំមុនជប៉ុនឈរនៅលេខរៀងទី១។ ប្រទេសជប៉ុន និងប្រជាជនជប៉ុន តែងតែស្ថិតក្នុងបេះដូងប្រជាជនកម្ពុជាជានិច្ច។

ទន្ទឹមនេះ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានលើកឡើងពីភាព ជាដៃគូសេដ្ឋកិច្ចដ៏រឹងមាំរវាងកម្ពុជា-ជប៉ុន ដោយជប៉ុន បាននិងកំពុងក្លាយជាដៃ គូពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជា ឆ្លុះបញ្ចាំងតាមរយៈការបន្តកើនឡើងនូវពាណិជ្ជកម្មទ្វេភាគីជារៀងរាល់ឆ្នាំ ។ វិនិយោគរបស់ប្រទេសជប៉ុន ទៅក្នុងវិស័យឧស្សាហកម្ម កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ក៏បានចូលរួមយ៉ាងវិជ្ជមានដល់ដំណើរអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈការបង្កើតការងាររាប់ពាន់កន្លែង គួបផ្សំនឹងការកើនឡើងនូវផលិតភាពការងារ ជាដើម។

ក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសង្កត់ធ្ងន់ពីគម្លាត នៃទំហំហិរញ្ញប្បទាន ដែលកម្ពុជាមានសមត្ថភាពខ្ចីបន្ថែម និងទំហំហិរញ្ញប្បទានដែលប្រទេសជប៉ុន អាចមានលទ្ធភាពផ្តល់ ដើម្បីបំពេញ នូវតម្រូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ព្រមទាំងតម្រូវការផ្សារភ្ជាប់រវាង ODA និងការវិនិយោគផ្ទាល់ពីប្រទេសជប៉ុន (FDI) មកកម្ពុជា ដែលនៅមានសក្តានុពលច្រើន ។ បច្ចុប្បន្នស្ថានភាពបំណុលសាធារណៈរបស់កម្ពុជា ស្ថិតក្នុងភាពអាចគ្រប់គ្រងបាន ពោលគឺនៅតែមានចីរភាពនិងហានិភ័យកម្រិតទាប ។

លោក ក៏បានលើកអំពីសារៈសំខាន់ នៃ FDI សម្រាប់ប្រជាជន និងសេដ្ឋកិច្ចកម្ពុជា ហើយរាជរដ្ឋាភិបាលកម្ពុជាស្វាគមន៍និងត្រៀមខ្លួនដោះស្រាយបញ្ហា និងកង្វល់របស់វិនិយោគគិនជប៉ុន នៅកម្ពុជា ជាក់ស្តែង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាននិងកំពុងគិតគូរ ពិនិត្យលទ្ធភាពបង្កើត តំបន់សេដ្ឋកិច្ចពិសេសសម្រាប់ជប៉ុន ដើម្បីទាក់ទាញនិងបំពេញតម្រូវវិនិយោគិនជប៉ុន។

លោក Katsunobu Kato រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន បានវាយតម្លៃខ្ពស់ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចបាននូវវឌ្ឍនភាព នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាលំដាប់ ។ លោករដ្ឋមន្រ្តីហិរញ្ញវត្ថុជប៉ុន បានកត់សម្គាល់ នូវការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ពាក់ព័ន្ធនឹងតម្រូវការបង្កើនទំហំ ODA និងការទាក់ទាញវិនិយោគិនជប៉ុន មកកម្ពុជាផងដែរ។

លោករដ្ឋមន្រ្តីហិរញ្ញវត្ថុជប៉ុន បានកោតសរសើរចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ដែលជាធនធានមនុស្សដ៍សំខាន់មួយរូប ក្នុងការចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសជាបុគ្គលស្នូលមួយរូបក្នុងដំណើរការនៃការពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន និងបានវាយតម្លៃខ្ពស់ក្នុងការប្រើប្រាស់ ODA ប្រកបដោយប្រសិទ្ធភាព គុណភាព និងតម្លាភាព៕

To Top