ព័ត៌មានជាតិ

ទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា អញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពីការពង្រឹងការងារព័ត៌មាន និងសាធារណមតិ នៅខេត្តកណ្តាល

កណ្តាល ៖ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥នេះ លោក ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិ សម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ ( គ.ស.ព.ស.) បានអញ្ជើញជាអធិបតី បើកវគ្គបណ្តុះបណ្តាល ស្តីពីការពង្រឹងការងារ ព័ត៌មាននិងសាធារណមតិ។

ដោយវត្តមានចូលរួមរបស់លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ គសពស លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល រដ្ឋលេខាធិការ ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃរដ្ឋបាលខេត្តកណ្តាល និងសិក្ខាកាម ដែលជាមន្ត្រីទទួលបន្ទុកការងារ ព័ត៌មានមកពីបណ្តាក្រុង ស្រុក ឃុំ សង្កាត់ សរុបប្រមាណជិត ៥០០នាក់។

លោក គួច ចំរើន អភិបាលខេត្ត បានចាត់ទុកព័ត៌មាន គឺជាអាវុធទំនើប មិនមានកំណត់ចម្ងាយ និងមានល្បឿនលឿន ហើយដែលត្រូវបានគេ យកទៅប្រើប្រាស់ជាមធ្យោបាយផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយ ញុះញង់ អុចអាល បង្កឱ្យមានជម្លោះ និងសង្គ្រាមជាដើម។ ប៉ុន្តែ ជាមន្ត្រីព័ត៌មានក៏ត្រូវតែប្រើប្រាស់ព័ត៌មានពិត និងការឆ្លើយតបឱ្យបានលឿន រហ័ស ដើម្បីទប់ស្កាត់ បន្សាប និងពន្លត់បញ្ហាបានដ៏មានប្រសិទ្ធភាពដែរ។

មានប្រសាសន៍ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលនេះ លោកទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា បានបញ្ជាក់ថា បច្ចុប្បន្នមានការវិវឌ្ឍយ៉ាងលឿនរហ័សនៃបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត AI និងក៏បានកើតឡើងយ៉ាងគំហ៊ុកនូវព័ត៌មានក្លែងក្លាយ ញុះញង់ បំពុលសង្គមយ៉ាងព្រោងព្រាត។

ឆ្លើយតបទៅនឹង ការយកចិត្តទុកដាក់ខ្ពស់របស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី អំពីសារៈសំខាន់ នៃការងារព័ត៌មាន និងសាធារណមតិ ដែលជះឥទ្ធិពល ដល់សង្គម នយោបាយ និងសេដ្ឋកិច្ច វគ្គបណ្តុះបណ្តាលបានរៀបចំឡើង និងតាមរយៈវាគ្មិន ដែលនឹងធ្វើបទបង្ហាញ ពាក់ព័ន្ធនឹងការងារព័ត៌មាននៅថ្ងៃនេះ សិក្ខាកាមនឹងទទួលបាន នូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ រួមនឹងការអនុវត្តជាក់ស្តែង ដើម្បីពង្រឹងការងារព័ត៌មាន និងសាធារណមតិនៅក្នុង មូលដ្ឋានរបស់ខ្លួន ជាពិសេសពាក់ព័ន្ធនឹង ការស្រាវជ្រាវ ការវាយតម្លៃ និងឆ្លើយតបចំពោះព័ត៌មានអវិជ្ជមាន ព័ត៌មានមិនពិត និង ព័ត៌មានក្លែងក្លាយ ដែលត្រូវបានបង្កើតឡើង ដោយបច្ចេកវិទ្យា AI បូករួមនឹងការចងក្រង បណ្តាញធ្វើការរួមគ្នាលើការងារព័ត៌មាន និងសាធារណមតិ ជាពិសេសគឺការសហការ រវាងក្រុមការងារថ្នាក់ក្រោមជាតិ ជាមួយក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន នឹងបង្កើនបាននូវកម្លាំងសរុប មធ្យោបាយសរុប និងធានាបាន នូវប្រសិទ្ធភាពការងារខ្ពស់។

ជាមួយនឹងការវាយតម្លៃខ្ពស់ ចំពោះការអនុវត្តការងារ ដ៏សកម្មរបស់មន្ត្រី ទទួលបន្ទុកការងារព័ត៌មាននៃ រដ្ឋបាលខេត្តកណ្តាល លើការផ្សព្វផ្សាយ នូវសមិទ្ធផល និងសកម្មភាពជាច្រើនរបស់រដ្ឋបាលខេត្ត និងក្រុមការងារចុះមូលដ្ឋានក្នុងការបម្រើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន លោកទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា សង្ឃឹមជឿជាក់យ៉ាងមុតមាំថា អ្វីដែលអ្នកទាំងអស់គ្នានឹងទទួលបានពីការចូលរួមវគ្គបណ្តុះបណ្តាលនៅថ្ងៃនេះ នឹងជួយពង្រឹងចំណេះ ជំនាញ និងលើកកម្ពស់ស្មារតី និងឆន្ទៈ ក៏ដូចជាការយកចិត្តទុកដាក់ ប្រកបដោយការទទួលខុសត្រូវ កាន់តែខ្ពស់ថែមទៀត នៅក្នុងការបន្តការងារគ្រប់គ្រងព័ត៌មាន ៕

To Top