ភ្នំពេញ ៖ ក្រោយពីស្រាវជ្រាវអស់ រយៈពេលប៉ុន្មានថ្ងៃក្រោយមក បានកំណត់មុខសញ្ញា អ្នកបើករថយន្តស៊ីរ៉ែនពាក់ផ្លាកលេខខ.ម អូសក្បួនស្រ្តីស្រសស្អាត លក់ឡេ ទៅស៊ីការគេនោះបានហើយ ដោយម្ចាស់រថយន្ត ត្រូវហៅមកអប់រំ និងទទួលទណ្ឌកម្មវិន័យកងទ័ព។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មាននាថ្ងៃ១៣ មករានេះថា បានរកអ្នកបើករថយន្តនាំក្បួនស្រ្តីលក់ឡេនោះ ឃើញហើយគឺរថយន្តស៊ីរ៉ែន ពាក់ស្លាកលេខ ខេមរភូមិន្ទ 02 2-1871 ។
លោកបន្តថា តាមសេចក្តីរាយការណ៍ របស់លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ អនុវត្តតាម បទបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់លោកនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង នៃកងយោធ ពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងជំនាញ បានធ្វើការស្រាវជ្រាវ និងចុះទៅដល់ទីតាំងលំនៅឋាន របស់បុគ្គលដែលពាក់ព័ន្ធ នឹងរថយន្តស៊ីរ៉ែនអូសក្បួននោះ ហើយបានកោះអញ្ជើញ បុគ្គលពាក់ព័ន្ធមកបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីបំភ្លឺ។
ក្រោយពីបានស្តាប់ដំណើររឿង និងអង្គហេតុរួចមក កម្លាំងជំនាញកងរាជអាវុធហត្ថ បានអប់រំបុគ្គល ដែលពាក់ព័ន្ធឱ្យយល់ដឹង អំពីការប្រើប្រាស់ ភ្លើងសញ្ញាពិសេស សូរស័ព្ទពិសេស សិទ្ធិអាទិភាពធ្វើចរាចរណ៍ ក្នុងព្រះរាជាណាចក្រកម្ពុជា និងបានធ្វើកិច្ចសន្យា កុំឱ្យប្រព្រឹត្តទង្វើ បែបនោះតទៀត ជាពិសេសត្រូវចូលរួមគោរពច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា ។
លោកឧត្តមសេនីយ៍បញ្ជាក់ថា “ចំពោះម្ចាស់រថយន្តស៊ីរែនពាក់ស្លាកលេខ ខេមរភូមិន្ទ02 2-1871បានប្រគល់ជូនអង្គភាពសាមី ដើម្បីចាត់វិធានការអនុវត្ត ទណ្ឌកម្មវិន័យកងទ័ព”។
សូមបញ្ជាក់ថា កាលពីថ្ងៃ ៦ មករា មកនេះ មានការរិះគន់និងវែកញែកជាខ្លាំងទៅលើករណីនារីស្អាតជាអ្នកលក់អនឡាញបានជិះរថយន្តទំនើប ដោយមានរថយន្តផ្សេងបំពាក់ផ្លាកលេខខេមរភូមិន្ទ និងបើកភ្លើងសារ៉ែននាំផ្លូវទៅស៊ីការគេចែកចាយពេញបណ្តាញសង្គមហ្វេសប៊ុក ៕