សេអ៊ូល ៖ ក្រសួងឧស្សាហកម្ម របស់ប្រទេសកូរ៉េខាងត្បូង បានពិភាក្សាអំពីវិធី ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់ប្រទេស ជាមួយអ៊ីស្រាអែល និងជប៉ុន ក្នុងគោលបំណងអភិវឌ្ឍ និងជំរុញបច្ចេកវិទ្យានៅក្នុងវិស័យកម្រិតខ្ពស់ដូចជា បញ្ញាសិប្បនិមិត្ត និង semiconductors ជាដើម នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់ ។
អគ្គនាយក នៃគោលនយោបាយបច្ចេកវិទ្យា លោក Je Kyung-hee បានជួបប្រជុំនិម្មិតជាមួយលោក Alon Stopel ដែលជាប្រធានអ្នកវិទ្យាសាស្ត្រ នៅក្រសួងនវានុវត្តន៍របស់អ៊ីស្រាអែល ដើម្បីពិនិត្យមើលវឌ្ឍនភាពក្នុង គម្រោងស្រាវជ្រាវរួមគ្នា នេះបើយោងតាមក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល របស់ប្រទេសជប៉ុន។
ប្រទេសទាំងពីរបានបង្កើតមូលនិធិ R&D ឧស្សាហកម្មកូរ៉េ-អ៊ីស្រាអែល ក្នុងឆ្នាំ២០០១ ដោយបានរួមចំណែកសរុបចំនួន ៨ លានដុល្លារ ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០២២ ដើម្បីគាំទ្រ ដល់គម្រោងសហការ ។ បច្ចុប្បន្ន មូលនិធិ កំពុងផ្តល់មូលនិធិដល់គម្រោងស្រាវជ្រាវ និងអភិវឌ្ឍន៍ចំនួន ១៦ ដោយគ្រោងនឹងបន្ថែមគម្រោងថ្មីចំនួន ៧ទៀត នៅឆ្នាំនេះ ។
ក្រសួងបានឲ្យដឹងថា ភាពជាអ្នកដឹកនាំរបស់ប្រទេសក្នុងឧស្សាហកម្មផលិតកម្ម និងការប្រកួតប្រជែង របស់អ៊ីស្រាអែល ក្នុងវិស័យសន្តិសុខតាមអ៊ីនធឺណិត បញ្ញាសិប្បនិម្មិត និងវិស័យ semiconductor ត្រូវបានគេរំពឹងថា នឹងបង្កើតផលប្រយោជន៍ ទៅវិញទៅមក ។ លោក ក៏បានរៀបចំកិច្ចប្រជុំដាច់ ដោយឡែកមួយជាមួយ លោក Jingo Kikukawa អគ្គនាយកផ្នែកនវានុវត្តន៍ និងបរិស្ថាន នៅក្រសួងឧស្សាហកម្ម របស់ប្រទេសជប៉ុន ដោយផ្ទាល់នៅទីក្រុង សេអ៊ូល ដើម្បីពិភាក្សាអំពីវិធីពង្រីកកិច្ចសហប្រតិបត្តិការ បច្ចេកវិទ្យាជាមួយរដ្ឋបាលសហរដ្ឋអាមេរិក ដែលនឹងចាប់ផ្ដើមក្នុងពេលខាងមុខនេះ
ក្រសួងបានបន្ថែមថា មន្ត្រីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងការសម្របខ្លួនទៅនឹងទិដ្ឋភាពបច្ចេកវិជ្ជា ឧស្សាហកម្មដែលកំពុង វិវឌ្ឍន៍ យ៉ាងឆាប់រហ័ស ហើយបានសន្យាថា នឹងខិតខំប្រឹងប្រែងរួមគ្នា ដើម្បីកំណត់នូវផ្នែកថ្មីៗនៃកិច្ចសហប្រតិបត្តិការ៕